(ស្ទឹងត្រែង)៖ លោក ហាក់ វិមាន សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សខេត្ត  អមដំណើរដោយ លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សខេត្ត និង គណៈកម្មាធិការគណបក្សស្រុកថាឡាបរិវ៉ាត់ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកថវិកាព្រមទាំងសម្ភារ ទៅឧបត្ថម្ភដល់គ្រួសារសព លោកស្រី ហែម សាវី ប្រធានគណៈកម្មាធិការ គណបក្សឃុំ អូររ៉ៃ  និងជាអតីតមេឃុំ អូររ៉ៃ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិពង់ទឹក ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលបានទទួលមរណៈភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៣ឆ្នាំ កាលពីវេលាម៉ោង៣យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោក ហាក់ វិមាន បានពាំនាំនូវប្រសាសន៍ចូលរួមមរណទុក្ខ និងចូលរួមរំលែកទុក្ខ របស់លោក មិល ភឿន ដែលត្រូវជាស្វាមី និងក្រុមគ្រួសារនៃសព ព្រមទាំងបានសម្តែង នូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិស ឲ្យដួងវិញ្ញាណក្ខ័ន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត ហើយត្រូវតែបន្តប្រកបមុខរបររកទទួលទាន និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ។

ជាការឆ្លើយតប ក្រុមគ្រួសារសព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសព និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងសូមបួងសួងដល់ បារមីវត្ថុស័ក្ដិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបាន ជ័យជំនះគ្រប់ភារកិច្ច។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ វិមាន ប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភដល់គ្រួសារសព រួមមាន៖ អង្ករ១០០គីឡូក្រាម និងថវិកា៥០ម៉ឺនរៀល៕