(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Tony Peck ចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួន ក្នុងនាមនាយអនុព័ន្ធយោធាអូស្រ្តាលីថ្មី ប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាជំនួបនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំយកពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​​បរ​​ទេស និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានមកដល់កម្ពុជារបស់ លោកវរសេនីយ៍ឯក Tony Peck និងបានអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្រ្តាលី ដែលតែងជួយគាំទ្រកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក។ អូស្រ្តាលី ជាប្រទេសទី១ ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហានសេនាធិការ សង្កេតការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។ រហូតមកដល់បច្ចុប្បន្ន អូស្រ្តាលី បានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស សរុបចំនួន ២៥វគ្គ មានសិក្ខាកាមចូលរួម ១៥៤នាក់។

ឆ្នាំ២០២៤នេះ ជាខួបលើកទី៧២ នៃទំនាកទំនងការទូតកម្ពុជា-អូស្រ្តាលី ជាពិសេសជាឆ្នាំដៅខួបលើកទី៣២ ដែលកម្ពុជា ធ្លាប់ទទួលទាហានមួកខៀវអង្គការសហប្រជាជាតិ ក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពអូស្ត្រាលី ជាង៥០០នាក់ មន្រ្តីជាន់ខ្ពស់ និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿង ជួយគាំទ្រ និងពង្រឹងបេសកកម្ម UNTAC នៅកម្ពុជា ដោយមានការដឹកនាំដោយឧត្តមសេនីយ៍ឯក John Sanderson មេបញ្ជាការបេសកកម្ម UNTAC ដែលជាជនជាតិអូស្រ្តាលី ហើយយើងនៅចងចាំគុណូបការៈនេះជាដ៏រាបរៀងមក។

ស្របតាមសេចក្តីថ្លែងការនៅអង្គការសហប្រជាជាតិរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពឱ្យកាន់តែពេញលេញថែមទៀត នាយឧត្តមសេនីយ៍ រំពឹងថា អូស្រ្តាលី នឹងផ្តល់វគ្គហ្វឹកហ្វឺនកាន់តែច្រើន។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សង្ឃឹមថា អូស្រ្តាលីនឹងបង្កើតឱ្យមានវគ្គហ្វឹកហ្វឺនក្នុង និងក្រៅស្រុករយៈពេលវែង-ខ្លីបន្ថែម ដោយអាចរួមបញ្ចូលទាំងកងកម្លាំងមួកខៀវ នគរបាល និងរាជអាវុធហត្ថ។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យពង្រីកវគ្គហ្វឹកហ្វឺនពីទ្វេភាគី ទៅជាត្រីភាគីផងដែរ។

លោកវរសេនីយ៍ឯក Tony Peck បានកោតសរសើរយ៉ាងខ្លាំងចំពោះ សកម្មភាព ដែលបានចូលរួមជាមួយគ្នារវាង កម្ពុជា-អូស្រ្តាលី ក្នុងប្រតិបត្តិការរក្សាសន្តិភាព។ កម្ពុជា បានប្រែក្លាយខ្លួនពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព អ.ស.ប. មកជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប។

លោកវរសេនីយ៍ឯក បានទទួលយកសំណើររបស់អគ្គនាយក ដោយរីករាយ រួមទាំងបានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសបង្កើនវគ្គហ្វឹកហ្វឺនឱ្យបានកាន់ច្រើន៕