(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើមលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការអបអសាទរជូនចំពោះនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ជាមួយគ្នានោះ លោកស្រីក៏បានលើកឡើងពីកិច្ចការងារបន្តពង្រឹងកិច្ចសហប្រតិបត្តការលើកការធានា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងជំនួបក៏បានជម្រាបជូន លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ពីកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលជាសេនាធិការផ្ទាល់របស់ក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងទប់ស្កាត់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសមានការចាត់តាំង ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានសំណូមពរភាគីឥណ្ឌាពីលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងផ្តល់ព័ត៌មានទៅវិញទៅមក ពាក់ព័ន្ធមុខសញ្ញាសង្ស័យ ឬខ្សែរយៈបណ្តាញឲ្យបានទាន់ពលវេលា និងច្បាស់លាស់ដើម្បីធានាដល់ការចាត់វិធានការបង្ក្រាបមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យមានការលើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍បញ្ជូនទៅបណ្តុះបណ្តាលលើមុខជំនាញបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឥណ្ឌា ដែលរងគ្រោះដោយអំពើឆបោកជាច្រើននាក់ក្នុងពេលកន្លងមក ជាពិសេសលោកស្រីក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានចំណុះ ដែលបានជួយសម្រួលដល់ពលរដ្ឋឥណ្ឌា បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដោយគ្មានការផាកពិន័យ ពាក់ព័ន្ធនិងការស្នាក់នៅលើសទិដ្ឋការ។

លោកស្រីបណ្ឌិតឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌា សន្យានិងនាំនូវរាល់សំណូមពរពាក់ព័ន្ធការបណ្តុះបណ្តាលកសាងធនធានមនុស្ស លើបច្ចេកវិទ្យាទៅឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យ ពិចារណាផ្តល់អាហារូបករណ៍ដល់នគរបាលជាតិកម្ពុជា៕