(ភ្នំពេញ)៖ គណៈកម្មការព្រំដែន កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ នាថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះកម្ពុជាក៏នឹងគ្រោងសួរដេញដោល អំពីកំណត់ទូត ពាក់ព័ន្ធនឹងការរំលោភបំពាន របស់វៀតណាម នៅតាមតំបន់ព្រំដែនមួយចំនួនរបស់កម្ពុជា ផងដែរ។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា បានប្រាប់ Fresh News ឱ្យដឹងថា បញ្ហាសំខាន់ក្នុងការជជែកគ្នា រវាងកម្ពុជា-វៀតណាម នាពេលនេះ រួមមានដូចជា ការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យបារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែល សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយកន្លងមក។
លោកថា «មានបញ្ហាមួយចំនួន ដូចជាបញ្ហាដែលយើងត្រូវធ្វើលិខិតឯកភាពគ្នាដើម្បីដាក់ជូន នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ផ្ញើទៅប្រទេសបារាំងសុំឱ្យពួកគេ ជួយផ្នែកបច្ចេកទេសនៅតំបន់ដែលយើង មិនឯកភាពគ្នាអំពីការគូសចម្លងផែនទី ក្រៅពីនោះក៏មានបញ្ហាបច្ចកទេសដែល នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ស្នើទៅភាគីវៀតណាម ដែលមិនទាន់ដោះស្រាយនោះ យើងនឹងជជែកជាមួយគ្នាទៀត»។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានបន្ថែមថា «រឿងរំលោភនៅតាមបណ្តោយព្រំដែន រឿងជីកស្រះ ការសាងសង់អគារនៅតំបន់ ដែលយើងហាមឃាត់ អាហ្នឹងក៏យើងនឹងយកមកជជែកដែរ»។
សូមបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃ១៨ សីហា ឆ្នាំ២០១៦ បានផ្ញើកំណត់ទូតជាថ្មី ស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវជាដើមនៅតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងតាកែវ។
ក្រសួងការបរទេសបានរំលឹកឡើងវិញ ពីសកម្មភាពរបស់វៀតណាម ដែលបានសាងសង់ប៉ុស្តិ៍ព្រំដែន ផ្លូវ ជីកស្រះ និងសាងសង់សំណង់នានា នៅតាមបន្ទាត់ព្រំដែន ដោយបានបញ្ជាក់ថា ការសាងសង់នេះគឺជា ការរំលោភបំពានមកលើដែនអធិបតេយ្យ របស់កម្ពុជា។
កាលពីខែកក្កដា ឆ្នាំមុន កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នាម្តងរួចទៅហើយ ក្នុងនោះភាគីទាំងពីប្តេជ្ញាបញ្ចប់កិច្ចការព្រំដែនឱ្យបាន ចប់នាពេលខាងមុខ អនុវត្តស្មារតីនៃ សេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្តីពីការរក្សាស្ថានភាពបបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែន និងឯកភាពគ្នាដោះស្រាយរាល់បញ្ហាបាតុភាព ដែលកើតមាននៅ តំបន់បណ្តោយព្រំដែនផងដែរ៕