(ប៉ារីស, បារាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMA CGM នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមបញ្ជាក់ថា ក្រុមហ៊ុន CMA CGM មានការិយាល័យច្រើនជាង៤០០ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួនច្រើនជាង ១៦០ប្រទេសទូទាំងពិភពលោក។

ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្ម ចំនួន ៤២០ក្នុងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏មានយន្តហោះ ដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន ០២។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន ០៤ បន្ថែមផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម (end-to-end logistics), សេវាតាមដានពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, មានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕