(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជទានកុំព្យូទ័រចំនួន៥០គ្រឿង ដល់ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា សម្រាប់ប្រើប្រាស់ក្នុងការបង្រៀន ដល់សមណនិស្សិត និងសិស្សនិស្សិត។

ពិធីព្រះរាជទានអំណោយកុំព្យូទ័រទាំង៥០គ្រឿង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានធ្វើឡើងក្រោមព្រះធិបតីភាពសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងមានការចូលរួមពី លោក ឡាច សុភាព និងលោក កង សិរីសោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃសាកលវិទ្យាល័យ និងសមណនិស្សិត និងសិស្សនិស្សិតជាច្រើនអង្គ/រូប។

ក្នុងពិធីនោះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះបន្ទួលថា ព្រះរាជអំណោយនេះ ពិតជាបានចូលរួមយ៉ាងខ្លាំងក្លា ដល់ការសិក្សារបស់សមណនិស្សិត និងសិស្សនិស្សិត នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា លើវិស័យបច្ចេកវិទ្យា ខណៈក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ចេញបន្ថែមនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលក្នុងនោះមានការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា។

សម្ដេចមានបន្ទួលបន្តថា ព្រះរាជអំណោយនេះ ក៏បានឆ្លើយតបផងដែរទៅនឹងតម្រូវការរបស់សាកលវិទ្យាល័យ លើការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដល់សមណនិស្សិត និងសិស្សនិស្សិត ស្របពេលដែលជំនាញនេះ ក៏មានក្នុងចំណោយឯកទេសទាំង៧ របស់សាកលវិទ្យាល័យដែលត្រូវបង្រៀនផងដែរ។

ក្នុងឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ បានថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅខ្ពង់ខ្ពស់បំផុត ចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានសព្វព្រះទ័យ ព្រះរាជទាននូវកុំព្យូទ័រទាំង ៥០គ្រឿងនេះ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្ដោតការសិក្សាជំនាញចំនួន ៧ឯកទេស ក្នុងនោះមាន អក្សសាស្ត្រខ្មែរ ទស្សនវិជ្ជា វិទ្យាសាស្ត្រអប់រំ នីតិសាស្ត្រ គ្រប់គ្រងទូទៅ ព័ត៌មានវិទ្យា និងអក្សរសាស្ត្រអង់គ្លេស ។ មានសមណនិស្សិត និងសិស្សនិស្សិតជាង ៣ពាន់នាក់ កំពុងសិក្សា ខណៈបន្ទាប់ពីអគារកម្ពស់៩ជាន់ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសប្បុរជននានា ធ្វើឲ្យមានសន្ទុះនៃនិស្សិតកើនឡើង ដែលពីមុនមានត្រឹម ៥០០ ទៅ៧០០នាក់ បានចូលរៀនក្នុងមួយឆ្នាំ ដោយឆ្នាំថ្មីនេះ កើនឡើងដល់ជាង ១ពាន់នាក់៕