(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់គិតគូជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងចូលសហការគ្នាអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ប៉េង ពោធិ៍សា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលវឌ្ឍនភាពការងារអភិវឌ្ឍន៍របស់ខេត្ត និងដោយមានការចូលរួមអមដំណេីរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះដែរលោក ប៉េង ពោធិ៍សា បានឱ្យដឹងទៀតថា ការចុះពិនិត្យមើលវឌ្ឍនភាពការងារអភិវឌ្ឍន៍របស់ខេត្តនៅថ្ងៃនេះរួមមាន៖ ពិនិត្យការរៀបចំបន្ទប់ទឹកសាធារណៈនៅទីតាំងមួយចំនួនជាប់បណ្តោយសួនច្បារមាត់ទន្លេវ៉ៃគោ(ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង។
លោកបានពិនិត្យប្រព័ន្ធធារាសាស្ត្រនៅព្រែកនាល បឹងបែកចាន បឹងកប់ឆ្កែ អូរំចេក និងព្រែករោទិ៍ ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីរៀបចំគម្រោងស្តារឡើងវិញឲ្យមានប្រភពទឹក និងប្រព័ន្ធផ្លូវទឹកជូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងការបង្កបង្កើនផល ក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យទឹកស្អាត រួមទាំងពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាមន៍នៅទីតាំងភូមិសាស្ត្រតាមបណ្តោយព្រំដែនក្នុងស្រុកកំពង់រោទិ៍ និងក្រុងបាវិតផងដែរ៕