(កំពង់ស្ពឺ)៖​ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយឧត្ដមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ចុះត្រួតពិនិត្យលទ្ធផលការងារស្ថាបនា២ខ្សែឡើងវិញ នៅស្រុកឧដុង្គ និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ផ្លូវក្រាលក្រួសចំនួន១ខ្សែ ប្រវែង៥,០៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៩ម៉ែត្រ លូមូលមុខពីរចំនួន១កន្លែង ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២១កន្លងទៅ។ ផ្លូវនិងសំណង់សិល្បការ្យខាងលើមានទីតាំងតភ្ជាប់ពីភូមិត្រពាំងជ្រៅទៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងសោភ័ណ្ឌភាពផ្លូវនេះរួចមក លោក ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបាននាំយកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្ដីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងបានជម្រាបជូនអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកម្រិតផ្លូវ​ ដោយប្រែពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងនៅពេលឆាប់ខាងមុខ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់បានយូអង្វែង និងគ្រប់រដូវកាល។

បន្ទាប់មក លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែទៀតមានប្រវែង៦.៨០គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិវល្លិ៍ព្រេង ឃុំតាអែង ទៅកាន់ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ជាលទ្ធផល សម្រេចបានប្រមាណ៥៥%ហើយ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕