(ភ្នំពេញ)៖ លោកស្រី សុខុម សុជាតា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសម្រេចឱ្យជនដៃដល់ចំនួន២នាក់ នៅក្រៅឃុំពាក់ពន្ធ័បទល្មើស ប៉ុនប៉ងមនុស្សឃាត យកកាំបិតផ្គាក់កាប់លើជនរងគ្រោះបណ្តាលឱ្យរបួសធ្ងន់។ នេះបើយោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចបញ្ជាក់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

ការដាក់ឲ្យនៅក្រៅឃុំនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនដៃដល់ទាំង២នាក់ រួមទាំងវត្ថុតាងទៅប្រគល់ជូនតុលាការ ចាត់ការតាមច្បាប់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០ កម្លាំងការិយាល័យព្រហ្មទណ្ឌបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសប៉ុនប៉ងមនុស្សឃាត មាន (កាំបិតផ្គាក់ពណ៌ខ្មៅដងឈើ ដែលកាប់លើជនរងគ្រោះចំដៃខាងស្តាំ និងស្មាមុខខាងឆ្វេងបណ្តាលឱ្យរងរបួស) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៨៣ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០៖២០នាទី។ ក្រោយចាប់ខ្លួន ជនដៃដល់ទាំង២នាក់ ត្រូវបានធ្វើការបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ជនដៃដល់ទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ នួន ច័ន្ទ្រវរនាថ អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ មានទីលំនៅផ្ទះលេខ២៥ ផ្លូវបេតុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅចំណុចមុខផ្ទះលេខ១៨៣ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

*ទី២៖ ឈ្មោះ វង្ស វិច្ឆិកា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ឃាត់ខ្លួននៅចំណុចមុខផ្ទះរបស់ឈ្មោះ ណាង ស្ថិតនៅម្តុំឡទឹកត្រី សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ទៀតថា សមត្ថកិច្ចបានដកហូតកាំបិតផ្គាក់ពណ៌ខ្មៅដងឈើចំនួន១ និងដាវកែច្នៃ ពណ៌សដងឈើចំនួន០១។

ចំណែកជនរងគ្រោះ ក្នុងសំណុំរឿងនេះមានឈ្មោះ អ៊ុំ យ៉ាពុន អាយុ១៣ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៨៣ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្នាមរបួសរបួសដៃខាងស្តាំ និងស្មាមុខខាងឆ្វេងដោយសារត្រូវជនសង្ស័យកាប់៕