(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំបាឋកថាស្តីពី សភាពការណ៍ថ្មីៗ ជាតិ អន្តជាតិ និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»

ពិធីនេះមានការចូលរួមលោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារស្រាវជ្រាវរបាយករណ៍ និពន្ធសៀវភៅសម្ដេចទាំងទ្វេ និងលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែន កម្ពុជា» និងលោក លាត ភិរុណ អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង ១៣ ប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងនៅក្នុងឱកាសនោះលោក អៀង ពិសី អ្នកស្រាវជ្រាវនិពន្ធសៀវភៅ «ហ៊ុន សែន កម្ពុជា» បានលើកឡើងថា សៀវភៅនេះ គឺឆ្លុះបញ្ចាំងអំពីវីរភាពដ៏អង្គអាចក្លាហានរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានយកជីវិតធ្វើជាដើមទុនដើម្បីជាតិមាតុភូមិ និងដើម្បីសិទ្ធិសេរីភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេស គឺដើម្បីស្វែងរកសន្តិភាពជនជាតិមាតុភូមិ។

លោក ទុំប៉ែន វីរៈវិទូ បានលើកឡើងថា ការៀបចំបាឋកថានេះឡើង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយនូវគំរូវីរៈភាពដ៏អង់អាចក្លាហានពុំអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនសំខាន់ៗ ជាច្រើនរូបទៀត ក្នុងការក្រាញននៀលប្រយុទ្ធប្រឆាំងតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរខ្លួនឯង យ៉ាងសាហាវឃោឃៅ ព្រៃផ្សៃជាទីបំផុត ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។

លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសន្តិភាពជូនមាតុភូមិកម្ពុជា រហូតមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានសម្រេចជាផ្លូវការស្ដីពីការបោះឆ្នោតជាសកលរៀបចំឡើងដោយអង្គការ សហប្រជាជាតិ និងបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ដែលគ្មានអ្នកឈ្នះ គ្មានអ្នចាញ់ គឺឈ្នះទាំងសងខាង ដែលនេះជាចំណុចសំខាន់ នៃគោលនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួបជាតិមកវិញ ហើយចាប់តាំងពីពេលនោះមកសម្ដេច បានក្លាយទៅជាបុគ្គលម្នាក់ ដែលមានឥទ្ធិពលកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រវត្តិសាស្រ្ត និងល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ ។

លោកអភិបាលរងខេត្តព្រៃវែង បានបន្ថែមថា ជាការពិតណាស់សៀវភៅ «ហ៊ុន សែន កម្ពុជា» បានរំលេចឡើងនូវអត្ថន័យអំពីដំណើរជីវិត និងប្រវត្តិសាស្ត្រនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន លើការបង្រួបបង្រួមផ្សះផ្សា អភិវឌ្ឍជាតិពីគំនរបែកបាក់ដោយសារសង្គ្រាមរាំរ៉ៃ សង្គ្រោះប្រទេសជាតិពីគំនរផេះផង់ កសាងប្រទេសពីបាតដៃទទេរ រហូតបានទទួលនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ និងមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្ននេះ។

លោកអភិបាលរងខេត្ត បានបន្តថា បាឋកថានាថ្ងៃនេះ ពិតជាបានចូលរួមចំណែក លើការបើកបង្ហាញឱ្យកាន់តែច្បាស់នូវស្ថានការណ៍ថ្មីៗជាតិ អន្តរជាតិ របបនយោបាយជាតិ គោលនយោបាយកសាងអភិវឌ្ឍន៍ជាតិ ជាពិសេសគឺការចងក្រងជាសៀវភៅ «ហ៊ុន សែន កម្ពុជា» ដ៏មានគុណប្រយោជន៍ខ្ពស់ ដែលជាឃ្លាំងផ្ទុកចំណេះដឹងសម្រាប់ដុសខាត់ផ្នត់គំនិតមនុស្សឱ្យយល់កាន់តែច្បាស់ពី គុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ដែលមានបញ្ញាវាងវៃ មានចក្ខុវិស័យខ្ពស់ ដែលបានដឹកនាំកម្ពុជាពីប្រទេសដែលពិភពលោកស្គាល់ថា ជាលេណដ្ឋានសង្គ្រាមឱ្យក្លាយជាប្រទេសដែលមានសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាបានដឹងហើយថា ទម្រាំទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ គឺបានមកពីការបង្ហូរឈាម ការលះបង់ឈាមស្រស់ សាច់ស្រស់ និងអាយុជីវិតរបស់បុព្វបុរសខ្មែរយើងជាច្រើន ដែលជាឥស្សរជនស្នេហាជាតិ មាតុភូមិ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាកុលបុត្រ បុលធីតាខ្មែរ យើងគម្បីត្រូវតែលើកស្ទួយនូវកិត្យានុភាពរបស់សម្ដេច ក៏ដូចជាឥស្សរជនទាំងឡាយ និងនាំគ្នារក្សានូវស្មារតីបង្រួបបង្រួមជាតិ ស្នេហាជាតិ រូបរួម សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបន្តរក្សានូវសុខសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ»