(រតនគិរី)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ជាគណៈអធិបតីពីសំណាក់អនុប្រធាន និងសមាជិក នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត, មន្ត្រីរាជការ នៃរដ្ឋបាលខេត្តរតនគិរី មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ នាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជាង៣០០នាក់ផងដែរ។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី ប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នេះ អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់នូវគោលការណ៍ ណែនាំសំខាន់ៗជាច្រើន ចំណុចដល់អង្គសន្និបាត សម្រាប់ជាទិសដៅការងារបន្ត នាឆ្នាំ២០២៤ និងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដែលរដ្ឋបាលខេត្តរតនគិរី បាននិងកំពុងជួបប្រទះ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤នេះ អភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរិយយស និងមេដាយការងារដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តរតនគិរីផងដែរ៕