(សៀមរាប)៖ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បាននាំយកកុំព្យូទ័រ ចំនួន១៥គ្រឿង កង់ចំនួន៥០គ្រឿង និងសម្ភារសិក្សាកីឡា ព្រមទាំងទ្រនាប់ជើង ជូនដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត នៅអនុវិទ្យាល័យ ឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ពិធីនេះដែរ ប្រព្រឹត្តទៅក្រោមវត្តមានលោក ពេជ្រ សុភត្រា អនុប្រធានការិយាល័យមធ្យមមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងលោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍កម្ពុជា និងលោក ជេខ លីន ប្រធានអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ រួមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សចូលរួមផងដែរ។

លោកស្រី សឿន សុខសែន នាយិការអនុវិទ្យាល័យ ឃុនរាម បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ផ្តល់ជូនដល់អនុវិទ្យាល័យឃុនរាម ហើយក៏បានសាងសង់ នូវបង្គន់អនាម័យ ចំនួន០៤បន្ទប់ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាទៀតផងដែរ។

លោកស្រីនាយិការ បានសំណូមពរដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ជួយសាងសង់អគារ១ខ្នង ដើមី្បបំពេញតម្រូវការសិស្សសិក្សានៅឆ្នាំខាងមុខផងដែរ។

លោក ពេជ្រ សុភត្រា បានធ្វើការថ្លែងអំណរគុណដល់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា ដែលតែងបានជួយដល់សិស្សានុសិស្សនៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកបន្ទាយស្រី។

លោកបន្តថា អំណោយកង់ទាំងនេះ ក៏ជាយានជំនិះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួនដល់ត្រើយសុភមង្គម នៃក្រុមគ្រួសារ ហើយក្មួយៗនឹងក្លាយជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត។

លោក ពេជ្រ សុភត្រា ក៏បានសម្តែង ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ អង្គការ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សទៀតផង។

លោកបានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណី នៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានខេត្តសៀមរាប ដែលមានសាលាជួបនូវការខ្វះខាតទៀតផង។ លោកក៏បានផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល និង គណៈកម្មការគ្រប់គ្រងសាលា ចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បាយយូរអង្វែង។

លោកស្រី ជេនី លីប៉ា និងលោក អេប៊ី ចាកុប អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ សម្តែងនូវភាពត្រេកអរបានជួបជាមួយសិស្សានុសិស្សក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សអនុវិទ្យាល័យឃុនរាម ក្រោមដំបូលសុខសន្តិភាព។

លោកទាំងពីរ បន្តថា អំណោយជូនដល់សិស្សក្រីក្រនៅកម្ពុជា គឺមិនខុសពីបំណងរបស់អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរឡើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋានដាច់ស្រយ៉ាល។ 

លោកក៏បានផ្តល់ដំបូន្មានល្អៗមួយចំនួនដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ឪពុកម្តាយ ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធាន ដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសចូលគ្រប់គ្នាត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។

លោកបញ្ជាក់ថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សានុសិស្សទាំងអស់ ត្រូវមានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សាស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ និងមានភាពក្លាហានក្នុងការសិក្សាផងដែរ។

ជាមួយនេះដែរ លោកអគ្គនាយកអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ ក៏បានបន្តថា អង្គការរ៉ូតារី នៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជា ទៅតាមលទ្ធភាពដែលអង្គការរ៉ូតារី ធ្វើទៅបាន។​ ហើយអង្គការក៏បានធ្វើការចុះអនុស្សរណៈយោគយល់គ្នា ក្នុងភាពជាដៃគូររវាងអង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជាផងដែរ៕