(កណ្ដាល)៖ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព លោក ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី និងលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល។

លោក ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ថា ពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការងារចុះបញ្ជីដីធ្លី ជូនដល់ក្រុមចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅខេត្តកណ្តាល នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពន្លឿនដល់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានឆាប់រហ័ស។

ទន្ទឹមនឹងនេះ ក្នុងនាមរដ្ឋបាលខេត្តកណ្តាល លោកសូមសំដែងនូវការអបអរសាទរ ចំពោះការរៀបចំឲ្យមានការបើកវគ្គបំប៉នបន្ថែមពីការងារបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនានា ជូនដល់មន្ត្រី មន្ត្រីកិច្ចសន្យា អ្នកស្ម័គ្រចិត្ត អំពីតួនាទីភារកិច្ច ក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុកល្វាឯម ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្តាល ស្រុកកោះធំ ស្រុកកៀនស្វាយ ស្រុកលើកដែក និងក្រុងសំពៅពូន ដើម្បីអនុវត្តលើការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ឲ្យមានប្រសិទ្ធភាព និងដើម្បីជំរុញការចុះបញ្ជីឲ្យបានតាមផែនការ ដែលក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្ដាល បានដាក់ចេញ។

លោកបន្តថា យើងនឹងបន្តអនុវត្តការងារនេះបន្តទៀត តាមផែនការ ដែលបានគ្រោងទុកឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ប្រមូលក្បាលដី, វាស់វែងក្បាលដី ឈានដល់ការចេញប័ណ្ណបន្តបន្ទាប់ទៀត រហូតដល់ចប់ការចុះបញ្ជីទូទាំងខេត្ត។ ហើយលោកសង្ឃឹមថា ក្រោយពីបានទទួលវគ្គបណ្តុះបណ្ដាលហើយ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះ និងជំនាញ ដែលជាស្ពានមួយឈានទៅកំណត់វិនិច្ឆ័យ លើសិទ្ធិផ្សេងៗ ជាអាវក្រោះការពារខ្លួន រាល់ការឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋ និងសង្គមស៊ីវិល -ល-។

លោកក៏បានជំរុញដល់ក្រុមចុះបញ្ជីដីធ្លីទាំង៧ក្រុង/ស្រុក ត្រូវបន្តខិតខំអនុវត្តការងារ និងផ្តល់កិច្ចសហការ ដើម្បីវាស់វែងចេញប័ណ្ណជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពិសេសប័ណ្ណដែលនៅសេសសល់ ត្រូវពន្លឿនដើម្បីចែកជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

នាឱកាសនោះដែរ លោក ឡោ ដាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលបានបំពេញការងារ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ ទោះបីជួបនូវឧបសគ្គយ៉ាងណាក៏ដោយ។

លោកបានបន្ថែមទៀតថា ការបើកវគ្គបំពាក់បំប៉ននេះ គឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀត សម្រាប់បំពេញបន្ថែម ចំពោះការងាររបស់ខ្លួន ដែលបានអនុវត្តកន្លងមក ឲ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានបញ្ជាក់ថា៖ ខេត្តកណ្តាលមានក្រុងចំនួន០៣ ស្រុកចំនួន ១០ ឃុំ/ សង្កាត់ ចំនួន១២៧ និងមាន ភូមិចំនួន១,០១០ មានផ្ទៃដីសរុប ចំនួន ៣២៥,៤៩៣,៦៥៣ ហិកតា ដោយឡែកក្នុងឆ្នាំ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់ភូមិទូទាំងខេត្ត ជាលទ្ធផល៖
-វាស់វែងបាន១០៣,៦៧៣ ក្បាលដី
-បញ្ចូលទិន្នន័យបាន៧៣,៦៣៤ ក្បាលដី៕