(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងលោក ជ គឹមអាន់ ប្រធានផ្នែកផែនការ និងវិនិយោគ និងមន្ត្រីជំនាញ ពាក់ព័ន្ធរដ្ឋបាលក្រុងស្វាយរៀង អាជ្ញាធរដែនដី ព្រមទាំងក្រុមហ៊ុនទទួលការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ ទៅលើវឌ្ឍនភាព គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៧៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលទទួលបាន ហិរញ្ញប្បទានពីមូលនិធីវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)។

លោក សរ សុដានី បានឲ្យដឹងថា លទ្ធផលនៃការចុះត្រួតពិនិត្យអំពីវឌ្ឍនភាព និងគាំទ្រ ការអនុវត្តគម្រោងវីនិយោគរបស់រដ្ឋបាលក្រុងស្វាយរៀង នៃខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុន បានអនុវត្តការងារគ្រឹះផ្លូវ ដោយធ្វើការឈូសឆាយដី កាយដីស្អុយចេញ និងចាក់ដី កិនបង្គាប់ដីបន្ថែមដើម្បីឲ្យប្រទាប់ផ្លូវ សមស្របទៅតាមកម្រិតបច្ចេកទេស។

លោកបានបន្តថា បន្ថែមលើសពីនេះ ក្រុមហ៊ុនទទួលការសាងសង់ និងអង្គភាពគ្រប់គ្រងគម្រោងបានធ្វើ DCP test (Dynamic Cone Penetration) ក្នុងមួយទីតាំងធ្វើតេស្ត ចំនួន៣ទៅ៥កន្លែង ជាលទ្ធផលទទួលបាន ក្នុងមួយញញួរស្រុត ត្រឹមតែ១mm-៣mm ដែលក្រោម៨mm ដូច្នេះការធ្វើ DCP test គឺ ស្របតាមស្តង់ដាបច្ចេកទេសកំណត់។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហា ប្រឈមនិងសំណូមពរក្រុមហ៊ុនទទួលការ នៅមានការខ្វះចន្លោះទៅលើការដាក់របាំង ឬ ដាក់លូដើម្បីហាមឃាត់ការធ្វើចរាចរណ៍ហួសកម្រិត ក្នុងអំឡុងពេលសាងសង។

លោកបានសំណូមពររបស់រដ្ឋបាលក្រុង ស្នើសុំអង្គភាពគ្រប់គ្រងគម្រោង និង ក្រុមហ៊ុនទទួលការជួយពន្លឿនការងារសាងសង់ ឲ្យបានឆាប់រហ័ស និងត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសផងដែរ៕