(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួម រាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partner on HIV and AIDS in Cambodia) នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឲ្យមាន កិច្ចសន្ទនាបច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈនាឆ្នាំ២០២៥។

កិច្ចប្រជុំក៏មានគោលបំណងរួមគ្នាពិចារណា អំពីការធ្វើឲ្យសម្រេចនូវគោលដៅដែលបានឯកភាព និងធានានិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន សមាជិក សមាជិកា ក្រុមការងារ បច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ប្រទេស ម្ចាស់ជំនួយជាដៃគូអភិវឌ្ឍន៍ (សហរដ្ឋអាម៉េរិក) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, WHO, UNDP, USAID, PEPFAR, CCC, CRS, KHANA, HACC, RHAC, CPN+) ព្រមទាំងប្រជាជនគន្លឹះ និងយុវជន សរុបចំនួនជាង៥០រូប។

កិច្ចប្រជុំនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

*ទី១) ពិនិត្យឡើងវិញនូវសមាជិកភាព តួនាទីភារកិច្ចនៃក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
*ទី២) ការរួមចំណែកនៃឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការជាតិអភិវឌ្ឍន៍សង្គម ឆ្នាំ២០២៤-២០២៨ ដោយពិនិត្យមើលនូវសូចនាករសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
*ទី៣) ទីដៅ (Milestones) សម្រាប់ឆ្នាំ២០២៤ និងកាលវិភាគ សម្រាប់ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
*ទី៤) គោលនយោបាយជាតិបញ្ចប់អេដស៍ និងនិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដោយសារយើងមានសសរស្តម្ភ៣សំខាន់៖ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា បានខកខានមួយរយៈ។ ប៉ុន្តែនៅក្នុងនីតិកាលថ្មីនេះយើងធ្វើឲ្យមានដំណើរការឡើងវិញ ដើម្បីជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាមគោលការណ៍គន្លឹះបីមួយរបស់អង្គការ UNAIDS រួមមាន ផែនការសកម្មភាពអេដស៍តែមួយ, ស្ថាប័នជាតិដឹកនាំសម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃរបស់ប្រទេសតែមួយ។

លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចាប់ពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានវិនិយោគក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងពេលដែលជំនួយពីខាងក្រៅមានការថយចុះ។ ចុងក្រោយនេះ រាជរដ្ឋាភិបាលបានចូលលរួមថវិកា ទិញឱសថប្រឆាំងនឹងមេរោគអេដស៍ ប្រមាណ៧០% ដើម្បីចែកជូនដោយឥតគិតថ្លៃ។ គួរបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ការចំណាយក្នុងការ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ មានប្រមាណ៨០០លានដុល្លារ៕