(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនថ្នាល U-15 កម្ពុជារបស់សាលាទន្លេបាទី នៃខេត្តតាកែវ បានបន្តយកឈ្នះក្រុម U-15 Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផលបច្ចេកទេស ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ក្នុងទឹកដីនៃប្រទេសចិន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ នេះបើយោងតាមគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃនេះ។
នេះពិតជាគួរទីមោទនមែនទែន សម្រាប់យុវជនថ្នាលដែលត្រៀមបន្តវេន ក្នុងឈុតធំនៃជម្រើសជាតិគោព្រៃកម្ពុជា ដែលរកបានជ័យជំនះជាប់ៗគ្នាទាំង៥ប្រកួត ឈ្នះ៤ដង និងស្មើម្តង ដោយបានយកឈ្នះក្រុម Jianyin របស់សាលាម្ចាស់ផ្ទះចិននៅថ្ងៃបើកឆាក ៣-០ មុនមកបំបាក់ក្រុមសាលា Kempaka International របស់ម៉ាឡេស៊ី ២៧-០ មុននឹងមកលេងស្មើ ១-១ ទល់នឹងក្រុម Warriors Football Club ថែមទៀត។
យ៉ាងណាមិញ សម្រាប់២ប្រកួតដែលនៅសល់ U-15 កម្ពុជាបានយកឈ្នះក្រុម Orient FC របស់ជប៉ុន ៥-៤ ដោយ បាល់ប៉េណាល់ទៅល្ងាចមិញទៀត ក្រោយប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ និងវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ ឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ៣-២ នៅវគ្គផ្តាច់ព្រ័ត្រព្រឹកមិញនេះ។
សូមបញ្ជាក់ផងដែរថា ៥ប្រកួតរបស់ U-15 កម្ពុជា បានស៊ុតបញ្ចូលទីគេបាន ៣៧គ្រាប់ និងរបូតវិញ ៦គ្រាប់ ជាប់លេខ១ ប្រចាំព្រឹត្តិការណ៍ខាងលើ នៅប្រទេសចិន៕