(វ៉ាស៉ីនតោន)៖ យោធាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា កងកម្លាំងរបស់ខ្លួនបានធ្វើប្រតិបត្តិការបំផ្លាញមីស៉ីល ១៤គ្រាប់របស់ក្រុមហ៊ូទី ដែលអាចនឹងបាញ់ចេញពីទឹកដីក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ទីបញ្ជាការកណ្តាលយោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម X ថា មីស៉ីលរបស់ក្រុមហ៊ូទី ហាក់បីដូចជាកំពុងគំរាមដល់កប៉ាល់ពាណិជ្ជកម្ម និងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងតំបន់ ហើយអាចបាញ់ឆ្ពោះមកពេលណាក៏បាន ដែលជំរុញឲ្យកងកម្លាំងអាមេរិកអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេដើម្បីការពារខ្លួន។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា «ការឆ្លើយតបទាំងនេះ រួមទាំងសកម្មភាពផ្សេងទៀតដែលយើងបានធ្វើ នឹងធ្វើឲ្យខូចសមត្ថភាពរបស់ក្រុមហ៊ូទី ដើម្បីបន្តការវាយប្រហារមិនរើសមុខ មកលើដំណើរការដឹកជញ្ជូនទំនិញអន្តរជាតិ នៅតំបន់សមុទ្រក្រហម ច្រកសមុទ្រ Bab-el-Mandeb និងឈូងសមុទ្រ Aden»

គួរបញ្ជាក់ថា ក្រុមហ៊ូទី បាននិយាយថា ពួកគេកំពុងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយបានគំរាមថានឹងពង្រីកការវាយប្រហាររបស់ខ្លួន ដែលអាចរួមបញ្ចូលទាំងនាវារបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងវិធានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសកាលពីសប្តាហ៍មុន៕

រូបភាពពី Reuters