(ដាវ៉ូស, ស្វីស)៖ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសបន្តជួយកម្ពុជាលើការងារអប់រំ និងបរិស្ថាន ហើយក៏បាន​សរសើរកម្ពុជាលើការងារកាត់បន្ថយជំងឺឆ្លង និងមរណភាពកុមារផងដែរ។

ជំនួបដែលធ្វើឡើងនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកស្រីប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរ​គុណសម្តេចធិបតី ដែលបានអនុញ្ញាត​ឱ្យលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការងារ។ លោកស្រីបានជម្រាប​សម្តេច​ធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុង​កិច្ច​សហ​ប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខា​សិក្សា​នៅតាម​សាលា​រៀនសម្រាប់កុមារតូច។

លោកស្រីក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ​អត្រា​ជំងឺ​ឆ្លង និងកាត់បន្ថយអត្រាមរណភាពរបស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ។ លោកស្រី បានបញ្ជាក់​ពីការ​បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងការបន្តការផ្ដល់ជំនួយលើវិស័យអប់រំ និងបរិស្ថាន ដែលផ្តោត​លើ​ការអភិរក្សជីវៈចម្រុះ ការការពារប្រព័ន្ធអេកូឡូស៊ី និងការលើកកម្ពស់ជីវភាពសហគមន៍នៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ ចំពោះគម្រោងកិច្ចសហប្រតិបត្តិការរបស់ USAID នៅ​កម្ពុជានាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់ USAID ដែលបាន​រួម​ចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើនសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបា​ល​សហរដ្ឋអាមេរិក​ក្នុងការបន្តផ្តល់ជំនួយចំនួន១៨លានដុល្លារអាមេរិក តាមរយៈ USAID ដល់កម្ពុជា ក្នុងពេលសម្តេចធិបតី​បាន​ទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Victoria Nuland អនុរដ្ឋមន្រ្តីការបរទេស​សហរដ្ឋ​អាមេរិក នាឱកាសអញ្ជើញបំពេញចូលរួមមហាសន្និបាតអង្គការសហ​ប្រជាជាតិនៅ​បុរីញូយ៉ក កាលពី​ចុង​ឆ្នាំ​​២០២៣៕