(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sandra Bernklau ប្រធានអង្គការ UNFPA ប្រចាំកម្ពុជា, លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើឱ្យអង្គការ UNFPA បន្តរក្សា និងពង្រីកទីតាំងបន្ថែមលើសកម្មភាពការងារដែល UNFPA បាននិងកំពុងជួយលើខេត្តទាំង ៨ នៅតំបន់ភាគឦសាន។

ការស្នើសុំដូច្នេះរបស់លោកសាស្ដ្រាចារ្យ ដោយសារខេត្តទាំងនេះមានតម្រូវការសេវាសុខភាពមាតានិងបន្តពូជ និងវ័យជំទង់ និងយុវជន ខ្ពស់បំផុត ជាពិសេសសុំឱ្យមានការរួមបញ្ជូលជាមួយសេវាថែទាំសុខភាពបឋម និងជួយរកទិន្នន័យក្រុមជនងាយរងគ្រោះ ដើមី្បជួយសម្រួលក្នុងការផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារ។

ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង, លោកសាស្ដ្រាចារ្យ កុយ វ៉ាន់នី ក៏បានបន្ដស្នើដល់អង្គការ UNFPA ជួយបណ្តុះបណ្តាលឆ្មប ទាំងមុនបម្រើការងារ និងកំពុងបម្រើការងារ និងបន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាព សំណុំសេវាសុខភាពអប្បបរមាដំបូង សម្រាប់សុខភាពបន្តពូជ និងផ្លូវភេទ គ្រាមានគ្រោះអាសន្ន និងគ្រោះមហន្តរាយ។

លើសពីនោះជួយលើការណ្តុះបណ្តាលក្រុមការងារកោសល្យវិច្ឆ័យវេជ្ជសាស្ត្រ រួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យក៏បានថ្លែងអំណរគុណដល់ អង្គការ UNFPA ប្រចាំកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល និងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្ដល់ជូនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍនៅធនធានមនុស្សនាពេលកន្លងមក។

ជំនួបខាងលើនេះផងដែរ លោកស្រី Sandra Bernklau ប្រធានអង្គការ UNFPA ប្រចាំកម្ពុជា ដើម្បីពិនិត្យបច្ចុប្បន្នភាពលើការអនុវត្តកម្មវិធីរបស់អង្គការ UNFPA និងផែនការអភិវឌ្ឍន៍ Country Program Document (CPD ២០២៤-២០២៨) អង្គការ UNFPA បានគូរបញ្ជាក់ពីសាវតាក្នុងការចាប់ផ្តើមការងារនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣ ដោយបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើផ្នែកសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិបន្តពូជ ការងារហឹង្សាផ្អែកលើយេនឌ័រ និងការអភិវឌ្ឍប្រជាជន។

លោកស្រីបានឲ្យដឹងទៀតថា គម្រោងខាងលើនេះគឺក្រោមភាពជាដៃគូជាមួយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល អង្គការជាតិ-អន្តរជាតិ និងគ្រឹះស្ថានសិក្សា ក្រោមការសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការ UNFPA មានគោលបំណងចូលរួមជាមួយក្រសួងសុខាភិបាល សម្រេចឱ្យបាននូវគោលដៅឆ្នាំ២០៣០ តាមរយៈលទ្ធផលនៃការផ្លាស់ប្តូរទាំងបីរួមមាន៖ ១) គ្រប់យ៉ាងនឹងឆ្លើយតបទៅនឹងតម្រូវការផែនការគ្រួសារ ២) គ្មានការស្លាប់របស់មាតាក្នុងមូលហេតុដែលអាចបង្ការបាន និង៣) គ្មានការអនុវត្តដែលបង្កគ្រោះថ្នាក់ និងអំពើហិង្សាលើយេនឌ័រ៕