(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង នារសៀលថ្ងៃពុធទី១៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងសំណេះសំណាលជាមួយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តបាត់ដំបង។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង,លោក អ៊ុយ រី សមាជិក គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤ របស់គណបក្សប្រជាជនកម្ពុជា លោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង លោកប្រធាន អនុប្រធាន សមាជិក គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា បក្សទាំងអស់។

នាឱកាសនោះលោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលនិងប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអាននូវសេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤របស់គណបក្សប្រជាជនកម្ពុជា បញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្ត៕