(ភ្នំពេញ)៖ ភាគីអ៉ីរ៉ង់បានសន្យាចំពោះកម្ពុជាថានឹងជួយផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍ចម្បងដែលត្រូវមកទស្សនាសម្រាប់ប្រជាពលរដ្ឋអ៉ីរ៉ង់» ហើយនឹងខិតខំជំរុញឱ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញទៅមករដ្ឋធានីតេអេរ៉ង់ នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក អាលី អាក់បារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញបច្ចុប្បន្នភាព និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជានៅថៃ្ងអនាគត ក្នុងនោះក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

លោកឯកអគ្គរដ្ឋទូតអ៉ីរ៉ង់បានបង្ហាញការកោតសរសើរខ្ពស់ ចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយយុទ្ធសាស្រ្តនិងចក្ខុវិស័យ និងការយកចិត្តដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូតក៏បានសរសើរដល់កម្ពុជាថាមានគោលនយោបាយដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋមូស្លីម មានភោជនីយដ្ឋានបែបហាឡាច្រើន។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា «នឹងជួយផ្សព្វផ្សាយកម្ពុជាជាគោលដៅចម្បងដែលត្រូវមកទស្សនាម្រាប់ប្រជាពលរដ្ឋអ៉ឺរ៉ង់ ហើយនឹងខិតខំជំរុញឲ្យមានការហោះហើរត្រង់រវាងរដ្ឋធានីតេអេរ៉ង់ និងរាជធានីភ្នំពេញផងដែរនៅថ្ងៃអនាគត»។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។

លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតបានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕