(ដាវ៉ូស, ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងលើការប្រើប្រាស់កម្មសិទ្ធិបញ្ញាជូនដល់ប្រជាពលរដ្ឋកម្ពុជា។
សំណើនេះ ធ្វើឡើងក្នុងពេលសម្តេចធិបតី ជួបពិភាក្សាការងារជាមួយលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបងដោយក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ WIPO នាពេលកន្លងមក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាងសមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា។ សម្ដេចធិបតី ក៏បានស្នើអង្គការ WIPO បន្តគាំទ្រការកសាងសមត្ថភាព និងការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាដល់ប្រជាជនកម្ពុជាផងដែរ។
លោកអគ្គនាយក បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកអគ្គនាយកយល់ស្របទៅនឹងប្រសាសន៍របស់សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ WIPO និងប្រទេសកម្ពុជា។
លោកអគ្គនាយក ក៏បានទទួលស្គាល់គុណភាពនៃផលិតផល ដែលផលិតនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងលោកអគ្គនាយក និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា លោកបានស្គាល់ និងប្រើប្រាស់ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជាមួយចំនួន ដែលមានគុណភាពខ្ពស់ និងមានសក្ដានុពលសម្រាប់ទីផ្សារអន្តរជាតិ៕