(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីប្រ៊ុយណេដារូសាឡឹមបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ព្រមជាមួយការជំរុញរំហូរទេសចរក្នុងតំបន់អាស៊ានផងដែរ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសមជាមួយលោក ភីងគីរ៉ាន់ កាស្មីហាន ភីងគីរ៉ាន់ តាហី (Pengiran Kasmirhan Pengiran Tahir) ឯកអគ្គរាជទូតប្រទេសប្រ៊ុយណេដារូសាឡឹមប្រចាំកម្ពុជា នាថ្ងៃទី១៧​ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាធាតុសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតប្រ៊ុយណេបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ព្រមជាមួយការជំរុញលំហូរទេសចរក្នុងតំបន់អាស៊ានផងដែរ។

លោករដ្ឋមន្ត្រី សុខ សូកេន ក៏បានចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + 3Ds)” រួមជាមួយការដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយចំនួនទៀត សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។

ភាគីទាំងពីរបានរំលឹកពីស្មារតីនៃការយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Sultan Haji Hassanal Bolikiah Mu’izzaddin Waddauulah) ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម នៅប្រទេសកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៃប្រទេសទាំងពីរ៕