(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ Ali Akbar Nazari បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជានាពេលកន្លងមក ក្នុងនោះក៏មានវិស័យសុខាភិបាលផងដែរ។

ការថ្លែងដូច្នេះរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាអ៊ីរ៉ង់ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបន្ដថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺមានជំហរយ៉ាងមុតមាំក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់ តាមរយៈគម្រោងនៃការផ្លាស់ប្តូរចែករំលែកចំណេះដឹង និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត ការផ្លាស់ប្តូរបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវជំនាញរវាងវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងលទ្ធភាពសហប្រតិបត្តិការលើផលិតផលឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំងផងដែរ។

ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអបអរសាទរ និងគោរពជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ក្នុងឱកាសដែលទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកសាស្ត្រាចារ្យក៏បានសម្ដែងនូវការកោតសសើរ និងបន្ដស្នើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ពង្រឹកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕