(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំការជួបជុំជាមួយប្រព័ន្ធផ្សព្វផ្សាយលើកទី១ ក្នុងឆ្នាំ២០២៤។

ការជួបជុំនេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក្នុងការចូលរួមយ៉ាងសកម្ម និងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគាំទ្រដល់ការទូតសាធារណៈរបស់អាស៊ាន។

នៅក្នុងព្រឹត្តិការណ៍នោះ មានប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅទីក្រុងហ្សការតាប្រមាណជិត ២០ បានចូលរួមនៅក្នុងសំណួរ-ចម្លើយ ជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន ផងដែរ។

នៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោក ពូ សុធីរៈ ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាតំបន់ ដែលកំពុងចូលរួមក្នុងសិក្ខាសាលា ស្តីពីការបង្ការជម្លោះ និងនិម្មាបនកម្មតំបន់ដឹកនាំដោយអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន។

បន្ទាប់មកនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Mario Ignacio Artaza ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីលី ប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងស្វែងរកវិធី និងមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងស៊ីលី នៅក្នុងវិស័យប្រកបដោយសក្តានុពល ដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី ៩ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចការពាក់ព័ន្ធនឹងអន្តរសភាអាស៊ាន ជាពិសេស រិះរកវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធ និងមានអត្ថន័យជាមួយអន្តរសភាអាស៊ាន៕