(ភ្នំពេញ)៖​ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (Angkor International Airport Investment (Cambodia) Co., Ltd - AIAI) ដឹកនាំដោយ លោក លូ វៃ (Mr. Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាអំពី គម្រោងនៃការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំយន្តការក្នុងរក្សារបៀបរៀបរយ និងលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ដងផ្លូវ ព្រមទាំងយន្តការថែទាំគុណភាពផ្លូវ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យប្រើប្រាស់បានយូរអង្វែង។

ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រី សំដៅជំរុញលើកទឹកចិត្តវិនិយោគិនឯកជន ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ជុំវិញអាកាសយានដ្ឋាន ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំវេទិកាទាក់ទាញអ្នកវិនិយោគ ងាកមកបណ្តាក់ទុននៅក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើនឡើង។

ភាគីទាំងពីរ ក៏បានឯកភាពក្នុងការពិនិត្យលទ្ធភាព និងឱកាសសមស្របមួយ ដើម្បីរៀបចំដំណើរទស្សនកិច្ចទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាពេលអនាគត៕