(ដាវ៉ូស, ស្វីស)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ (Tony Blair) បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។ លោក តូនី ប្ល៊ែរ បច្ចុប្បន្នមានតួនាទីជាប្រធានប្រត្តិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល បង្ហាញការកត់សម្គាល់លើការរីកចម្រើនរបស់កម្ពុជា ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ នាទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ប្រកបដោយក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាជាមួយលោក តូនី ប្ល៊ែរ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជារក្សាបានសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកអាទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
លោក តូនី ប្ល៊ែរ បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ លោកបានជម្រាបសម្ដេចធិបតីថា វិទ្យាស្ថានបម្រែបម្រួលសកល តូនី ប្ល៊ែរ បាននិងកំពុងជួយគាំទ្របណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ហើយក្នុងនោះក៏មានប្រទេសក្នុងតំបន់អាស៊ានផងដែរ។
លោក តូនី ប្ល៊ែរ បានបង្ហាញពីបំណងពង្រឹងកិច្ចសហការ និងការស្វែងយល់បន្ថែមអំពីកម្ពុជា។ លោកបានជម្រាបសួរសម្ដេចធិបតីបន្ថែមអំពីគោលនយោបាយអាទិភាពសំខាន់ៗមួយចំនួនរបស់កម្ពុជា ដែលរួមមានវិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ចល្អ ហើយវិស័យកសិកម្មនៅតែជាវិស័យអាទិភាពមួយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការការផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកជាចម្បងលើកសិកម្មប្រពៃណី ទៅជាសេដ្ឋកិច្ចទំនើប ដែលពឹងផ្អែកលើកសិកម្មវៃឆ្លាត។
ចំពោះវិស័យថាមពល និងបរិស្ថាន សម្ដេចធិបតី បានគូសបញ្ជាក់ថា ការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជាសម្រេចបាន ៦២ភាគរយ នាពេលបច្ចុប្បន្ន ហើយនឹងបន្តជំរុញឱ្យឈានទៅដល់៧០ភាគរយ ត្រឹមឆ្នាំ២០៣០។ កម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តជាច្រើនដើម្បីកែទម្រង់ស្ថាប័ន ហើយកម្ពុជាត្រូវការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដើម្បីជាចលករនៃការអភិវឌ្ឍប្រទេសស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕