(ដាវ៉ូស, ស្វីស)៖ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានលើកឡើងថា កម្ពុជា គឺជាគោលដៅវិនិយោគដ៏សំខាន់ក្នុងតំបន់អាស៊ាន។
លោក Lim Boon Heng លើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនេះលោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Lim Boon Heng បានសម្ដែងការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា។
លោកប្រធានក្រុមហ៊ុន ក៏បានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ហើយលោកបានកោតសរសើរចំពោះគំរូវីរៈភាពដឹកនាំរបស់សម្តេចតេជោផងដែរ។
លោក Lim Boon Heng បានជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរី ហើយបាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និងអចលនទ្រព្យ។
លោកប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជាក៏ជាគោលដៅអាទិភាពមួយដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុនបានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានបំណងវិនិយោគលើវិស័យ ដែលបានរៀបរាប់ខាងលើនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ យកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សាហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផលកសិកម្ម៕