(ស្វីស)៖ សហរដ្ឋអាមេរិក និង រុស្ស៊ី បានឈានដល់ផ្លូវមួយកាន់តែជាក់លាក់ជាងមុន ស្ដីពីបទឈប់បាញ់សម្រាប់ស៊ីរី ក៏ប៉ុន្តែលក្ខខណ្ឌនៃការអនុវត្តន៍ ឬក៏សកម្មភាពកំពុងស្ថិតនៅក្នុង ការពិភាក្សាគ្នានៅឡើយ។ នេះបើយោងតាមប្រមុខការទូត សហរដ្ឋអាមេរិក លោក ចន ឃែរី ថ្លែងពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ចេញផ្សាយដោយសារព័ត៌មាន ស៊ិនហួរ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

លោក ចន ឃែរី បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក និង រុស្ស៊ីមិនទាន់បានត្រៀមខ្លួននៅឡើយទេ ដើម្បីប្រកាសពី លទ្ធផលចុងក្រោយនៃកិច្ចពិភាក្សា ខណៈក្រុមអ្នក ជំនាញរបស់ប្រទេសទំាងពីរ នឹងបន្តធ្វើការងារនេះក្នុងទីក្រុងហ្សឺណែវ នៅប៉ុន្មានថ្ងៃខាងមុខនេះសំដៅដោះស្រាយចំណុច ដែលមិនទាន់ឯកភាពគ្នា។

កិច្ចចរចារដើម្បីបញ្ចប់ជម្លោះក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ជាង ២,៩០០,០០នាក់ ក្នុងរយៈពេលជាង៥ឆ្នំាមកនេះ បានចាប់ផ្ដើមធ្វើឡើងនៅក្នុង ទីក្រុងហ្សឺណែវ តំាងតែពីដើមឆ្នំា ២០១៦ មកម្ល៉េះ ក៏ប៉ុន្តែគ្មានលទ្ធផលជាដុំកំភួន គួរឱ្យកត់សម្គាល់នោះទេ។ មួយវិញទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងមូស្គូ សុទ្ធតែបានចាត់ទុកថា ISIS គឺជាសត្រូវរួម តែទាស់ត្រង់ថា រុស្ស៊ីគំាទ្រប្រធានាធិបតីស៊ីរី លោក បាស្ហាអាល់ អាសាដ រីឯសហរដ្ឋអាមេរិក ចង់ឱ្យលោក អាសាដ ចុះចេញពីដំណែង។

សូមជំរាបថា កិច្ចប្រជុំនៅពីថ្ងៃសុក្រទី២៦​ ខែសីហា ត្រូវបានធ្វើឡើងនៅចំពេលដែល ជម្លោះស៊ីរី ប្រែក្លាយជាស្មុគស្មាញជាងមុន នៅបន្ទាប់ពីតួកគីផ្ដើមធ្វើសកម្មភាពយោធា នៅឯតំបន់ក្បែរព្រំដែន ភាគខាងជើងស៊ីរី ប្រឆំាងនឹងក្រុម ISIS រួមទំាងក្រុមឧទ្ទាមឃឺតផងដែរ៕