(ដាវ៉ូស, ស្វីស)៖ ដំណឹងដ៏សែនរីករាយសម្រាប់កសិករ និងវិស័យកសិកម្មនៅកម្ពុជា ដោយក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើប​ឈានមុខគេ ចូលរួមអភិវឌ្ឍវិស័យ​កសិកម្ម​នៅកម្ពុជា។

ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ក្នុងជំនួបនោះ លោកស្រី Mary Akinyi Olwal បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្តែងការគួរសម។ លោកស្រី បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាពរនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះនៅកម្ពុជា។

លោកស្រីនាយិកា ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៅតែបន្តយកចិត្តទុក​ដាក់​ និងផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយមន្ដ្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សម្ដែងការស្វាគមន៍ប្រកបដោយក្តីរីករាយ ចំពោះបំណងរបស់ក្រុមហ៊ុន​ពង្រីក និងការនាំយកបច្ចេកវិទ្យាថ្មីៗ ជួយដល់ផ្នែកផលិតកម្ម កសិកម្មនៅកម្ពុជា ការកសាងធនធាន​មនុស្ស និងការស្ដុកទុកផលិតផលកសិកម្មក្នុងបរិមាណច្រើន និងរយៈពេលយូរ។

សម្ដេចធិបតី លើកទឹកចិត្តក្រុមហ៊ុន បន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសហការគាំទ្រ និងលើកកម្ពស់ផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍៕