(ភ្នំពេញ)៖ សមាគម អង្គការ សង្គមស៉ីវិល ចំនួន១០ បានចេញវីដេអូមួយ ដោយបង្ហាញពីចរិតនយោបាយដ៏អាក្រក់ទាំង៦ របស់ក្រុម លោក សម រង្ស៉ី និងវិទ្យុអាស៉ីសេរី ដែលតែងតែធ្វើកន្លងមក ហើយឆ្លុះបញ្ចាំងពីនយោបាយជ្រុលនិយមនៅកម្ពុជា។

ចរិតនយោបាយដ៏អាក្រក់ទាំង៦ នោះរួមមាន៖

*ទី១៖ ធ្វើនយោបាយមិនគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ដែលជាមូលដ្ឋាននៃការគ្រប់គ្រង និងការដឹកនាំប្រទេសជាតិ
*ទី២៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួន ហ៊ានបង្កើតចលនាបំបែកបំបាក់ជាតិ ធ្វើឲ្យសង្គមជាតិ មិនមានការឯកភាពជាធ្លុងមួយ
*ទី៣៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួន ហ៊ានជំរុញឲ្យមានការផ្លាស់ប្តូររាជរដ្ឋាភិបាល តាមរយៈការ អំពាវនាវឲ្យទាហានបែរចុងកាណុងមករាជរដ្ឋាភិបាល ដែលជាទង្វើបំផ្លាញសន្តិភាព ប្រជាធិបតេយ្យ ច្បាប់ និងមូលដ្ឋានគ្រឹះដែលកម្ពុជាខិតខំកសាងកន្លងមក
*ទី៤៖ មិនគោរពនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយហ៊ានអំពាវនាវឲ្យព្រះមហាក្សត្រចុះចេញ ពីរាជបល្ល័ង និងប្រមាថដល់អង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋកម្ពុជាគោរពស្រលាញ់ពេញមួយប្រទេស
*ទី៥៖ មិនគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធ្វើនយោបាយតាមចិត្តចង់ឲ្យតែបានប្រយោជន៍ ដល់ក្រុមខ្លួន លែងឲ្យតម្លៃលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់ប្រទេស
*និងទី៦៖ ដើម្បីផលប្រយោជន៍ក្រុមខ្លួន និងបក្សពួក មិនខ្វល់ពីផលប្រយោជន៍ជាតិ ធ្វើនយោបាយអសីលធម៌ ដោយការបង្កើតមនោគមន៍វិជ្ជាជ្រុលនិយមដូចជា ជេរប្រមាថ ញុះញង់បំបែកបាក់សង្គមជាតិ ដោយយកបញ្ហាសេដ្ឋកិច្ច សង្គម ព្រំដែន បំភ័ន្តតាមចិត្តចង់ ឲ្យតែចំណេញដល់នយោបាយរបស់ខ្លួន លែងខ្វល់ ពីប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ៕

សង្គមស៉ីវិល ក៏បានបង្ហាញពីក្តីព្រួយបារម្ភចំពោះអ្នកនយោបាយជ្រុលនិយមមួយក្រុមដឹកនាំដោយ លោក សម រង្ស៉ី និងបក្សពួក ព្រមទាំងប្រព័ន្ធឃោសនាសារព័ត៌មាន វិទ្យុអាស៉ីសេរី ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដែលនៅតែបន្តសាបព្រោះនយោបាយជ្រុលនិយមនៅកម្ពុជា។

សង្គមស៉ីវិល បានចាត់ទុកថា នយោបាយជ្រុលនិយម គឺពិតជាមានគ្រោះថ្នាក់ណាស់ដែលអាចនាំឲ្យប្រទេសជាតិមានការបែកបាក់ និងធ្លាក់ទៅរកភ្លើងសង្គ្រាមស៉ីវិល ដែលអាចបំផ្លិចបំផ្លាញដល់សង្គមជាតិទាំងមូល។ ដោយសារនយោបាយ ជ្រុលនិយមនេះហើយ ទើបធ្វើប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៉ីវិល តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត ១លាននាក់ ព្រមទាំងធ្វើឲ្យសមិទ្ធផលជាតិសំខាន់ៗ ទទួលរងនូវ វិនាសកម្មយ៉ាងធ្ងន់ធ្ងរ៕

ខាងក្រោមនេះជាវីដេអូ៖