(ភ្នំពេញ)៖ កញ្ញា អ៊ឹង ពុទ្ធី នាយិកាសាលា L.I.C.E ដែលជាសាលាបណ្តុះបណ្តាលជំនាញសក់ និងសម្អាងកាយ ស្ថិតនៅក្រោមអាណាព្យាបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តឲ្យជាងសក់ទូទាំងប្រទេស ខិតខំសិក្សាលើជំនាញច្បាស់លាស់ ព្រោះវានាំឲ្យពួកគេមិនត្រឹមតែមានការងារ ដែលមានប្រាក់បៀវត្សរ៍ល្អជាងមុន ពួកគេក៏អាចបង្កើតមុខរបរដោយខ្លួនគេ និងបង្កើតការងារជួយដល់សង្គម។
បន្ថែមលើសពីនេះ កញ្ញាក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលចង់បានអាហារូបករណ៍ សម្រាប់សិក្សាជំនាញសក់ និងសម្អាងកាយអាចធ្វើការទាក់ទងមកសាលា។
កញ្ញាបានបញ្ជាក់ថា សាលានឹងផ្តល់អាហារូបករណ៍ចំនួន ១០០% ដល់សិស្សចំនួន ២០រូបសម្រាប់រៀនកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ ផ្នែកសម្អាងកាយ និងអាហារូបករណ៍ផ្សេងៗទៀតតាមជំនាញ និងកម្រិត។ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទ០៧៨ ៦៦៧ ៧២១ គេហទំព័ររបស់សាលា www.lice.asia និងហ្វេសប៊ុកផេក www.facebook.com/L’ICE Serge Comtesse-Cambodia។
សូមជម្រាបថា សាលា L.I.C.E ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ ដោយស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាក្រសួងអាណាព្យាបាល ហើយសាលាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ក៏បានចូលរួមជួយរដ្ឋាភិបាល តាមរយៈសកម្មភាព ដូចជាផ្តល់អាហារូបករណ៍ដល់សិស្ស និងជាងសក់ដែលខ្វះលទ្ធភាព ជួយអភិវឌ្ឍសមត្ថភាពគ្រូជំនាញសក់ និងសម្អាងកាយ មកពីអង្គការដើម្បីភាពញញឹមនៃកុមារ សម្របសម្រួលក្នុងការដាក់សិស្ស តាមសាឡនសេវាកម្មសក់ ហើយក៏បានចូលរួមសរសេរកញ្ចប់ស្តង់ដាកម្មវិធីសិក្សាជំនាញសក់ និងសម្អាងកាយ ដោយសហការជាមួយនាយកដ្ឋានស្តង់ដា និងកម្មវិធីសិក្សានៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះ សាលាមានដៃគូអន្តរជាតិនៅប្រទេសបារាំង និងប្រទេសថៃឡង់ដ៍ សមា្រប់ផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ក្នុងវិស័យសេវាកម្មដោយផ្តោតលើជំនាញសក់ និងសម្អាងកាយ ដែលជាទូទៅសាលាបានទទួលគ្រូឧទ្ទេស មកពីបារាំង និងអាស៊ីក្នុងការផ្តល់វគ្គបំពាក់បំប៉នទាំងបច្ចេកទេស និងគរុកោសល្យដល់គ្រូបង្គោលរបស់សាលា រួមទាំងផ្តល់ឱកាសដល់ជាងសក់ដទៃទៀត ចូលរួមរៀនវគ្គពិសេសជាមួយពួកគាត់ផងដែរ។
ថ្មីៗនេះ លោកគ្រូ ប៊ុនធឿន ស្ទីវវិន អ៊ុត ដែលជាអ្នកបណ្តុះបណ្តាលកំម្រិតកំពូលម្នាក់ នៅប្រទេសបារាំងបានមកបណ្តុះ បណ្តាលគ្រូបង្គោលរបស់សាលា ដើម្បីជាចំណែកចូលរួមអភិវឌ្ឍជំនាញសក់នៅកម្ពុជា និងគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សាលាក្នុងការផ្តល់អាហារូបករណ៍ដល់សិស្ស ក៏ដូចជាជាងសក់ដែលកំពុងប្រកបរបរជំនាញសក់ហើយ ខ្វះលទ្ធភាពទៅរៀនបន្ថែមទាំងក្នុងប្រទេស និងក្រៅប្រទេសដោយវត្ថុបំណងធំរបស់គាត់ គឺការជួយធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់កម្ពុជា ជាពិសេសក្នុងជំនាញសក់ ដោយអាចបញ្ចេញស្នាដៃក្នុងកម្រិតអន្តរជាតិ ហើយលោកគ្រូក៏បានរំលេចអំពីការលើកទឹកចិត្ត ឲ្យសិស្សដែលបានរៀន និងកំពុងរៀននៅសាលា L.I.C.E ឲ្យខិតខំមករៀនឲ្យបានទៀងទាត់ ព្រោះកម្មវិធីនៅសាលា មានលក្ខណៈស្តង់ដាអន្តរជាតិ ហើយគាត់មានផែនការមកជួយជាងសក់ជារៀងរាល់ឆ្នាំ។
ក្នុងនាមនាយិកាសាលា កញ្ញា អ៊ឹង ពុទ្ធី សូមថ្លែងអំណរគុណដល់លោកគ្រូ ប៊ុនធឿន ស្ទីវវិន អ៊ុត សម្រាប់ការស្ម័គ្រចិត្ត ជួយបង្ហាត់បង្ហាញដល់សិស្ស ក្នុងជំនាញសក់ រួមទាំងសិស្សនៅក្នុងអង្គការ ដើម្បីភាពញញឹមនៃកុមារ៕