(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងអភិបាលស្រុក អាជ្ញាធរដែនដី មន្ត្រីជំនាញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាកសិករចិញ្ចឹមជ្រូក នៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលមានករណីផ្ទុះឡើងនូវជំងឺលើសត្វជ្រូករបស់ពួកគាត់។

លោកបណ្ឌិត សម តារា បានចូលរួមសោកស្ដាយចំពោះការផ្ទុះឡើងនូវជំងឺទៅលើសត្វជ្រូករបស់បងប្អូនប្រជាពលរដ្ឋ ដែលនាំឲ្យងាប់អស់ជាច្រើនក្បាលនៅឃុំសំឡី និងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ នាពេលនេះ។ ការបាត់បង់សត្វចិញ្ចឹមដោយជំងឺនេះ ជាការខាតបង់មួយដ៏ច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះលោកបណ្ឌិត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរចិញ្ចឹមជ្រូកក៏ដូចជាចិញ្ចឹមសត្វផ្សេងៗទៀត ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញឲ្យបានល្អ ដើម្បីពង្រឹងការចិញ្ចឹមសត្វឲ្យបានទទួលជោគជ័យ និងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញ ចិញ្ចឹមសត្វ ឲ្យបានច្រើនថែមទៀត ក្នុងការយកជំនាញទាំងនេះ មកអនុវត្តចិញ្ចឹមសត្វរបស់ខ្លួន និងទទួលបានលទ្ធផលល្អក្នុងការចិញ្ចឹមផងដែរ។

លោកបណ្ឌិតបានបន្ថែមថា រាល់មានបញ្ហាសត្វឈឺនៅក្នុងមូលដ្ឋាន ត្រូវរាយការណ៍មកមន្ត្រីជំនាញមានពេទ្យសត្វភូមិ មេភូមិ អាជ្ញាធរ ឃុំ ស្រុក ដើម្បីដាក់មន្ត្រីជំនាញចុះជួយព្យាបាលទាន់ពេលវេលា ហើយរាល់មានសត្វងាប់ កុំនាំគ្នាបរិភោគ ដែលអាចបង្កឲ្យមានការឆ្លងជំងឺដល់មនុស្ស សត្វថែមទៀត ជាពិសេស ត្រូវកប់ចោលទុកឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវរកមូលហេតុដែលឆ្លងជំងឺនេះផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា នាចុងសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ មានករណីផ្ទុះឡើងនូវជំងឺលើសត្វជ្រូក ចំនួន១៤៨ក្បាល និងបណ្តាលឱ្យសត្វជ្រូកងាប់អស់ចំនួន៧៨ ក្បាល របស់កសិករនៅក្នុងឃុំសំឡី និងឃុំខ្សែត្រ នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

របាយការណ៍បានបញ្ជាក់ថា យោងតាមលទ្ធផលនៃការវិភាគសំណាក លេខ ០៧១/២៤ វ.ជ.ស.ស.ជ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សត្វជ្រូកឈឺ និងងាប់នៅតាមភូមិឃុំខាងលើ ពុំមានផ្ទុកនូវវីរុសជំងឺប៉េស្តជ្រូកអាហ្វិ្រក ឬជំងឺរាគកូនជ្រូក ដែលជាប្រភេទ ជំងឺឆ្លងកាច សាហាវ ធ្ងន់ធ្ងរគ្មានថ្នាំព្យាបាលនោះទេ។ ផ្នែកតាមលទ្ធផល នៃការអង្កេតតាមដានជាក់ស្តែងនៅគ្រប់តំបន់ដែលកើតហេតុ និងតំបន់ដែលមានការ សង្ស័យរបស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានសុខភាព សត្វ និងផលិតកម្មស សត្វ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ សត្វជ្រូកនៅតំបន់ខាងលើពុំមានជំងឺប៉េស្តជ្រូក (CSF) និងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ទេ៕