(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់មន្ត្រីអន្តោប្រវេសន៍តាមច្រកព្រំដែននានា សូមកុំឱ្យមានការរើសអើងចំពោះជនបរទេស ដែលមានជាតិសាសន៍ ផ្សេងគ្នា ឱ្យឈរតម្រង់ជួរផ្សេងគ្នា ក្នុងការចូលវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជានោះទេ។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក្នុងឱកាសដែលលោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយលោកវរសេនីយ៍ឯក ស្រេង ធារី អតីតអនុប្រធាននាយកដ្ឋាន ជំនួសលោកឧត្តមសេនីយ៍ត្រី អៀ សុផល ដែលចូលនិវត្តន៍។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងយ៉ាងដូច្នេះថា ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ស្ថានទូតឥណ្ឌាបានប្តឹងថា កន្លងមកថ្មីៗនេះ នៅតាមច្រកព្រំដែនថៃ ជនជាតិឥណ្ឌាចូល មកឱ្យតម្រង់ជួរផ្សេង ចំណែកជនជាតិផ្សេងឱ្យតម្រង់ជួរផ្សេង ក្នុងការវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជា ដោយលោកសង្កត់ធ្ងន់ថា សូមកុំឱ្យមានឱ្យសោះ ហើយក៏មិនសំដៅលើជនជាតិឥណ្ឌានោះទេ បើតម្រង់ជួរគឺត្រូវឱ្យតម្រង់ជួរ តែមួយគ្រប់ជនជាតិ។

លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងកុំឱ្យមានការទាលុយពីពលករ ផ្ទុយទៅវិញត្រូវជួយគាត់វិញល្អជាង ដែលធ្វើឱ្យគាត់មានការអរគុណ ប្រសើរជាងការកៀបសង្កត់គាត់ដល់ម៉ោងនេះហើយគឺមិនឱ្យរឿងនេះ កើតឡើងទៀតទេ បើមានរឿងនេះកើតឡើងគឺដឹងដល់លើភ្លាម និយាយរួមកុំធ្វើអ្វីខុសពីតួនាទី ភារកិច្ច និងការណែនាំរបស់ថ្នាក់ដឹកនាំ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងណែនាំដល់មន្ត្រីអន្តោប្រវេសន៍ពីបញ្ហាអត្តចរិក ដោយយើងទទួលការងារជំនាញ ការងារសន្តិសុខហើយ ប៉ុន្តែក៏ត្រូវបដិសណ្ឋារកិច្ចដែរ កុំឱ្យសំដីធំ សំដីតូចដល់អ្នកធ្វើដំណើរ កុំឱ្យមានការលើកឡើងយើងមិនមានបដិសណ្ឋារកិច្ចល្អ ចំពោះអ្នកដំណើរចេញ ចូល តាមច្រកនេះ ធ្វើយ៉ាងណាឱ្យគាត់សប្បាយចិត្ត តែកុំភ្លេចជំនាញរបស់យើង គឺការងារអន្តោប្រវេសន៍ផង និងការងារសន្តិសុខផង។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងជំរុញលោកនាយប៉ុស្តិ៍ថ្មី ត្រូវមានការត្រួតពិនិត្យវត្តមានរបស់មន្ត្រី គ្រប់គ្រងកម្លាំងឱ្យបានល្អ កុំឱ្យមានការទ្វេសប្រហែសឱ្យសោះ។ ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានថ្លែងប្រាប់មន្ត្រីអន្តោប្រវេសន៍ពីការចូលរួមធ្វើតេស្តរកសារធាតុញៀន ដល់មន្ត្រីអន្តោប្រវេសន៍គ្រប់ៗរូប ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រោងនឹងធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីនាបំណាច់ចុងខែមករានេះ ដោយចាប់ធ្វើពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងតាមបណ្តាលប៉ុស្តិ៍ជាក្រោយ៕