(ភ្នំពេញ)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយលោក ម៉ម ប៊ុននាង និងលោក ប្រាក់ ចំរើន បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាស្រុក-ក្រុងទាំង១៣ និងក្រុមប្រឹក្សាឃុំ-សង្កាត់១២៧ ទូទាំងមណ្ឌលភូមិភាគទី៣ (ខេត្តកណ្តាល) នៅតាមបណ្តាស្រុក-ក្រុងដាច់ដោយឡែកពីគ្នា ដើម្បីសំណេះសំណាលសួរសុខទុក្ខ និងឈ្វេងយល់អំពីប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយជាតិ និងបញ្ហាប្រឈមនានានៅតាម មូលដ្ឋាន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាក្នុងស្រុក-ក្រុងនីមួយៗ នៃខេត្តកណ្តាល លោក ម៉ម ប៊ុននាង និងលោក ប្រាក់ ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ បំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិ-នីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុ-ប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣។

លោក ម៉ម ប៊ុននាង និងលោក ប្រាក់ ចំរើន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ និងសំបូរបែប។

ក្នុងឳកាសនោះ ថ្នាក់ដឹកនាំទាំងពីររូបបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការអនុវត្តច្បាប់ ពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន។ ទន្ទឹមនេះ អាជ្ញាធរស្រុក-ក្រុង និងឃុំ-សង្កាត់ សូមបន្តសហការរៀបចំគាំទ្រដល់ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីររូបបានលើកទឹកចិត្តដល់អាជ្ញាធរស្រុក-ក្រុង និងឃុំ-សង្កាត់ ទាំងអស់ត្រូវពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារឱ្យបានល្អប្រសើរ ពិសេសត្រូវផ្តល់សេវាសាធារណៈ នៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួល រក្សាសុវត្ថិភាពឃុំ-សង្កាត់ឱ្យបានល្អ និងមានស្ថិរភាព៕