(កណ្តាល)៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តន៍តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំអាវុធហត្ថ និងកម្លាំងនគរបាលខេត្តកណ្តាល បានរួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាបក្រុមក្មេងទំនើងបានចំនួន១១នាក់។

ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ និងស្រុកស្អាង។ សកម្មភាពក្រុមទំនើងទាំងនេះ រួមមាន៖

*លើកទី១៖ ករណីយកដាវ ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅកាប់ បាញ់ផ្ទះជនរងគ្រោះឈ្មោះ វិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ស្ថិតលើផ្លូវជាតិ21A ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង ១៤:១៤នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

*លើកទី២៖ ករណីយកកាំបិតកាប់ម៉ូតូ ម៉ាក Scoopy ពណ៌ទឹកបុិច បណ្តាលឲ្យខូចខាត បែកកញ្ចក់កុងទ័រ កញ្ចក់មើលក្រោយខាងឆ្វេង និងកន្ទុយខាងក្រោយ របស់ជនរងគ្រោះ ឈ្មោះ ទី គីមឃាង អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ដៃគ្នា បញ្ជាកម្លាំងជំនាញពាក់ព័ន្ធដោយផ្ទាល់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកវរសេនីយ៌ឯក ទូច អ៉ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល សហការចាប់ដៃគ្នា ចុះដឹកនាំដោយផ្ទាល់កម្លាំងទាំងពីរស្ថាបន័ឲ្យបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពយកដាវ កាំបិត ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅប្រព្រឹត្តអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងធ្វើសកម្មភាពកាប់ ចាក់គ្នាក្នុងមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល កន្លងមកឲ្យបានជាដាច់ខាត។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលផងនោះ កម្លាំងយើងទាំងពីរស្ថាបន័ កំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ឃាត់ខ្លួនជនសង្សយ័បានចំនួន ១១នាក់ នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ ជាបន្តបន្ទាប់ដូចខាងក្រោម៖

១- ឈ្មោះ វីរៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ អ្នកជិះ ម៉ូតូHONDA Dream C125 ពណ៌ខ្មៅ ពីក្រោយ។
២- ឈ្មោះ សង្ហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល។ អ្នកឌុបជិះម៉ូតូHONDA Dream C125 ឆ្នាំ២០២២ ពណ៌ខ្មៅ អ្នកធ្វើសកម្មភាព។
៣- ឈ្មោះ ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។ អ្នកឌុបជិះ HONDA Dream C125 ឆ្នាំ2022 ពណ៌ខ្មៅ ។
៤- ឈ្មោះ សុខលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។អ្នកជិះម៉ូតូ Scoopy ពណ៌ស ពីក្រោយ។ អ្នកជិះម៉ូតូ Scoopy ពណ៌ស ពីក្រោយ។
៥- ឈ្មោះ ម៉េងគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ។ម៉ូតូមួយជិះគ្នាបីនាក់ (អង្គុយកណ្តាល ) អ្នកកាន់ជំពាមកៅស៊ូ។
៦- ឈ្មោះ ប៉ោលីឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ បើកម៉ូតូ HONDA Dream C125 ឆ្នាំ២០១២ ពណ៌ខ្មៅ។
៧- ឈ្មោះ ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្កកណ្ដាល ជិះម៉ូតូមួយគ្នាពីរនាក់ អង្គុយក្រោយ ជាអ្នកគប់ដុំថ្ម ។
៨- ឈ្មោះ វណ្ណា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។
៩- ឈ្មោះ សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល ។ អ្នកបើកម៉ូតូ HOND Dream C125 ផលិតឆ្នាំ២០២៤ ។
១០- ឈ្មោះ ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ អង្គុយក្រោយ ជាអ្នកគប់ដុំថ្ម ។
១១- ឈ្មោះ រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។បើកម៉ូតូ HONDA Dream C125 ពណ៌ស ។

*វត្ថុតាងបន្សស់ទុកនៅកន្លែងកើតហេតុមានដុំថ្មចំនួន ០៤ដុំ និងដែកទីបចំនួន ០១កំណាត់។ តាមការធ្វើតេស្តពិនិត្យរកសារធាតុញៀនជនសង្ស័យដែលឃាត់ខ្លួនទាំង១១នាក់ខាងលើ ពុំមានសារធាតុញៀនឡើយ។ ចំណែកជនដៃដល់ និងបក្ខពួកធ្វើសកម្មភាពមួយចំនួនទៀតដែលរត់គេចខ្លួន សមត្ថកិច្ចយើងកំពុងស្វែងរុករកចាប់ខ្លួនបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤៖១៤នាទី មានជនសង្ស័យមួយក្រុម ជិះម៉ូតូ១០គ្រឿង ប្រដាប់ដោយដាវ កាំបិត ដុំថ្ម ជំពាមកៅស៊ូ បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាព គប់ដុំថ្មចំនួន ០៤ដុំចូលផ្ទះជនរងគ្រោះជាងជួសជុលម៉ូតូ រួចក៏ជិះម៉ូតូបំបែកគ្នាជាក្រុម បន្តដំណើរទៅស្ពានកោះអន្លង់ចិន ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដល់ចំណុចតារាងបាល់ទះ ឈ្មោះ យ៉ីម ផានីន (គេចខ្លួន) បានចុះទៅកាប់និងវាយម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ទឹកប៊ិក របស់ជនរងគ្រោះឈ្មោះ គីមឃាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា ទីលំនៅបច្ចុប្បន្ន សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយធ្វើសកម្មភាពរួចពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង១១នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបាននាំគ្នាជិះម៉ូតូចេញពីសាលាវិទ្យាល័យស្អាងទៅតាមឈ្មោះ ហុង (ធំ) ហើយធ្វើសកម្មភាពយកដុំថ្មគប់និងបាញ់ជំពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះឈ្មោះ សាវុធ ជាងជួសជុលម៉ូតូ និងយកកាំបិតកាប់ម៉ូតូជនរងគ្រោះឈ្មោះ គីមឃាង ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ និងបក្ខពួកដែលរត់គេចខ្លួន ត្រូវបានសមត្ថិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា លោក អ៊ុក សុវណ្ណារិទ្ធិ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំក្មេងទំនើងទាំង១១នាក់ ដាក់ពន្ធនាគារហើយ ក្រោយលោក អ៊ុំ សុភក្ដិ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជាផ្លូវការ។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល។

លោក ខា ដែនណា បានបន្តថា ពួកគេទាំង១១នាក់ ត្រូវចោទប្រកាន់តាមបញ្ញត្តមាត្រា២១៨ និង៤១១ នៃក្រមព្រហ្មទណ្ឌ។

មាត្រា២១៨៖ អំពើហិង្សាដោយចេតនា ត្រូវផន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល កាលបើហិង្សាបានប្រព្រឹត្ត៖

១-ដោយមានការគិតទុជាមុន
២-ដោយប្រើអាវុធ ឬគម្រាមកំហែងដោយអាវុធ
៣-ដោយមានមនុស្សច្រើននាក់ក្នុងឋាន:ជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត។

មាត្រា៤១១៖ បទល្មើសដែលមានចែងក្នុងមាត្រា៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចាបើពី៤លានរៀល ទៅ១០លានរៀល នៅក្នុងករណីដូចតទៅ៖

១-កាលបើបទល្មើសនេះបានប្រ ព្រឹត្តដោយបុគ្គលច្រើនរូបធ្វើកម្មភាពក្នុងឋាន:ជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត
២-កាលបើបទល្មើសនេះបានប្រ ព្រឹត្តនៅក្នុងលំនៅឋាន
៣-កាលបើបទល្មើសនេះបានប្រ ព្រឹត្តនៅក្នុងទីកន្លែង សម្រាប់តម្កល់មូលនិធិ តម្លៃ ទំនិញ ឬសម្ភារ
៤-កាលបើបទល្មើសនេះបានប្រ ព្រឹត្តនាំឲ្យខូចប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណ ឬផ្លូវសាធារណ:
៥-កាលបើបទល្មើសនេះបានប្រ ព្រឹត្តនាំឲ្យខូចដល់ដំណាំ ឬកសិផល
៦-កាលបើបទល្មើសនេះបានប្រ ព្រឹត្តនាំឲ្យខូចបង្គោលព្រុំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា៕