(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុនធំមួយរបស់ឥណ្ឌូនេស៊ី ប្រកាសស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
ការប្រកាសនេះ ធ្វើឡើងដោយលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានអបអរសាទរជូនសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី របស់កម្ពុជា។
លោក John Riady បានជម្រាបសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់ និងនៅជុំវិញពិភពលោក ដោយផ្តោតសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ ជាមួយគ្នានោះ លោកនាយកប្រតិបត្តិក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ ដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាពជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាប នៅកម្ពុជាផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងសហការី។ សម្តេចធិបតី បានអរគុណក្រុមហ៊ុន Lippo Group ចំពោះបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និងឥណ្ឌូនេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគនៅកម្ពុជា។ សម្តេចធិបតី ក៏បានជម្រាបលោកនាយកប្រតិបត្តិ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតអាទិភាពលើការកសាងធនធានមនុស្សជាមួយការយកចិត្តទុកដាក់លើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗទៀត។
បន្ថែមពីលើនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះវិនិយោគិនបរទេស។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Lippo Group មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ៕