(ដាវ៉ូស, ស្វីស)៖ អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងជាអ្នកជំនួញដ៏លេចធ្លោរនៅកម្ពុជា បានអមដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ទីក្រុង Davos ប្រទេសស្វីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅសប្ដាហ៍នេះ ព្រមទាំងបានជួបពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំ ក្រុមហ៊ុនកំពូលធំៗជាច្រើន ក្នុងគោលបំណងបង្ហាញពីសក្ដាពុលរបស់កម្ពុជា ទាក់ទាញវិនិយោគិន មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។


កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចនៅឆ្នាំនេះ មានការអញ្ជើញចូលរួមយ៉ាងកុះករពីប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច ដែលមកពីជុំវិញពិភពលោក ដើម្បីផ្ដល់វេទិកាសម្រាប់ការជជែក អំពីបញ្ហាសកលនានា និងដើម្បីជំរុញការចាប់ដៃគូសហការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព។

ក្នុងឋានៈជាដៃគូសហការមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្រុមហ៊ុនវើលប៊្រីដគ្រុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតភ្ជាប់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចពិភពលោក និងផ្សព្វផ្សាយពីកម្ពុជា ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ។ ការចូលរួមរបស់ក្រុមហ៊ុនវើលប៊្រីដគ្រុប ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងជួយពង្រឹងវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក៏ដូចជាពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្រៅពីចូលរួមក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានការអមដំណើរដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក៏មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនធំៗមួយចំនួន ក្នុងតំបន់អាស៊ានផងដែរ ក្នុងបំណងលើកបង្ហាញ អំពីឱកាសវិនិយោគដ៏មានសក្តានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួម របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុង Davos និងបានលើកឡើងពីសារៈសំខាន់ នៃការចូលរួមបែបនេះ នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា «វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ផ្តល់វេទិកាដ៏ពិសេសមួយសម្រាប់កម្ពុជា ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួន និងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាដៃគូដែលមានសក្តានុពល។ អ្នកឧកញ៉ាប្តេជ្ញាថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីពង្រឹងឋានៈរបស់កម្ពុជា បន្ថែមទៀតថាក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់»។

គួរបញ្ជាក់ថា ជំនួបទាំងនេះក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងភាពទាក់ទាញរបស់កម្ពុជា ចំពោះវិនិយោគិនបរទេសផងដែរ៕