(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃប្រវត្តិសាស្ដ្រមួយសម្រាប់សាលាដំបូងខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូតុលាការប្រជាជនខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងគោលបំណងដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី ដើម្បីអភិវឌ្ឍវិស័យតុលាការរបស់ប្រទេសទាំងពីរកម្ពុជា-ឡាវ ជាពិសេសគឺខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ គឺខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់។
កិច្ចប្រជុំ និងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងដោយអនុវត្តតាមខ្លឹមសារសន្ធិសញ្ញាស្ដីពីកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការកំពូលសាធារណរដ្ឋប្រជាមានិតឡាវ និងសេចក្ដីប្រកាសរួម នៃសន្និសិទតុលាការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ វៀតណាម ចំនួន០៣លើក ស្ដីពីគ្រប់ប្រទេសភាគីសន្ធិសញ្ញាត្រូវតែបង្កើតនូវចំណងសាមគ្គីភាពជាមួយគ្នា ដោយធ្វើយ៉ាងណាខិតខំចំណាយពេលវេលា ចុះធ្វើទស្សនៈកិច្ចផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ឱ្យបានយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។
ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយលោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្ត និងលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងគណៈប្រតិភូតុលាការប្រជាជន ខេត្តចំប៉ាសាក់ ដឹកនាំដោយលោកស្រី បួលៀន ម៉ានីវង្ស ប្រធានតុលាការប្រជាជនខេត្តចំប៉ាសាក់ និងលោក ភូ វាំង ចាឡើនឡាត់ អនុប្រធានតុលាការខេត្តចំប៉ាសាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី នៃភាគីទាំងពីរ មន្ដ្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលធ្វើឡើងនៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ។
ក្រោយចប់កិច្ចប្រជុំនេះ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំប្រតិភូតុលាការរបស់ខេត្តចំប៉ាសាក់ ធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហាររបស់ខ្មែរ។ បន្ទាប់មកថ្នាក់ដឹកនាំសាលាដំបូង ខេត្តព្រះវិហារ ក៏បានរៀបចំអាហារ និងសម្តែងរបាំជូនភាគីតុលាការខេត្តចំប៉ាសាក់ផងដែរ ដើម្បីបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ខ្មែរយើង៕