(កណ្ដាល)៖ យ៉ាងហោចណាស់មានជនជាតិខ្មែរ និងជនជាតិចិនចំនួន៦នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកខ្យង បើករយុវជនម្នាក់ បានរេចង្កូតទៅបុកឡានម៉ាកអាល់ហ្វាដ ដឹកជនជាតិចិន។ ភ្លាមៗក្រោយកើតហេតុជ នរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ទាំងយប់នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២០៖២០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពឱ្យដឹងថា នៅថ្ងៃកើតហេតុមានរថយន្ដមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-3734 (ដឹកខ្យង) អ្នកបើកបរឈ្មោះ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកបើកឡាន មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់) បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ពេលបើកបរមកដល់ចំណុចភូមិ ឃុំកើតហេតុ អ្នកបើកបររថយន្ដសាំយ៉ុង (ដឹកខ្យង) ស្រាប់តែបើករេចង្កូត ទៅបុកជាមួយរថយន្ដមួយគ្រឿង ម៉ាកអាល់ហ្វាត (ALPHARD) ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 2BF-8668 បើកបរក្នុងទិសដៅបញ្រ្ជាសគ្នា ពីត្បូងទៅជើង (កោះធំ-តាខ្មៅ) បើកបរដោយឈ្មោះ ប៉ាន់ បូរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់) និងអ្នករួមដំណើរ ចំនួន ០៤នាក់ (រងរបួសធ្ងន់)។

ទី១៖ ឈ្មោះ HU JINGPEI ជនជាតចិន (អ្នករួមដំណើររថយន្ដ អាល់ហ្វាត) របួសបាក់ជើង
ទី២៖ ឈ្មោះ LUO JUNYE ជនជាតិចិន (អ្នករួមដំណើររថយន្ដ អាល់ហ្វាត) របួសបាក់ជើង
ទី៣៖ ឈ្មោះ TA SHIJIAN ជនជាតិ ចិន (អ្នករួមដំណើររថយន្ដ អាល់ហ្វាត) របួសបាក់ជើង
ទី៤៖ ឈ្មោះ QIANGXIA ជនជាតិចិន (អ្នករួមដំណើររថយន្ដ អាល់ហ្វាត) របួសចុកទ្រូង។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាង បានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកអ្នករបួសទាំង ៦នាក់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

ប្រភពបានបញ្ជាក់ថា តាមការសន្និដ្ឋានបឋមករណីនេះបណ្ដាលមកពី​អ្នកបើកបររថយន្ដសាំងយ៉ុង បើកបររ៉េចង្កូត បើកក្នុងល្បឿនលឿន មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕