(ភ្នំពេញ)៖ អ្នកវិភាគនៅកម្ពុជាលើកឡើងថា បណ្តាសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុ ជាមួយសមាជិករបស់ខ្លួននោះឡើយ ខណៈកម្មករនិយោជិតជាអ្នកបង់វិភាគទានជាទៀងទាត់ ឱ្យសហជីព ដើម្បីទ្រទ្រង់សកម្មភាព។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថា៖« ជារៀងរាល់ឆ្នាំខ្ញុំមើលឃើញថា បណ្តាសហជីពទាំងនោះ (សហជីពនៅកម្ពុជា) មិនដែលបានបង្ហាញពីតម្លាភាពនៃការចំណាយ ហិរញ្ញវត្ថុរបស់ពួកគេនោះទេ»។

លោកបន្តបញ្ជាក់ថា៖ «បណ្តាសហជីពមួយចំនួនដែលទទួលជំនួយពីកម្មករនិយោជិតត្រូវតែបង្ហាញការចំណាយរបស់ពួកគេទៅកាន់កម្មករនិយោជិតដែលជាប្រភពជំនួយរបស់ពួកគេថាតើសហជីពបានប្រើប្រាស់ថវិកាដែលពួកគេបានបង់ទៅលើកិច្ចការងារអ្វីខ្លះ ជាពិសេសបង្ហាញអំពីថវិការដែលនៅសល់បន្ទាប់ពីប្រើប្រាស់ផងដែរ»។

លោកបណ្ឌិតបានពន្យល់ថា ការមិនបង្ហាញតម្លាភាពផ្នែកហិរញ្ញវត្ថុរបស់សហជីពទៅកាន់សមាជិករបស់ខ្លួននេះ បានសបញ្ជាក់ពីភាពមិនស្មោះត្រង់របស់សហជីពទៅកាន់សមាជិករបស់ខ្លួនក្នុងខណៈដែលអង្គការវិជ្ជាជីវៈទាំងអស់គឺជាអ្នកដែលការពារសិទ្ធិ និងការរំលោភបំពានមកលើកម្មករ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត បានជំរុញឱ្យសហជីពដែលមិនបង្ហាញពីតម្លាភាពជូនកម្មករគួរសម្តែងភាពស្មោះត្រង់ជូនកម្មករនិយោជិតដែលជាជនស្លូតត្រង់ និងគួរបង្វែរថវិកាដែលនៅសល់ក្រោយប្រតិបត្តិការមកកម្មករវិញក៏ល្អផងដែរ៕