(ភ្នំពេញ)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ប៉ះពាល់ពីផលិតផលថ្នាំជក់គឺជាបញ្ហារួម និងជាក្តីកង្វល់រួមទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធដើម្បីទប់ស្កាត់ និងធានាបានការយកចិត្តទុកដាក់មួយ ប្រកបដោយបរិយាប័ន្នដើម្បីផលប្រយោជន៍សាធារណៈ សង្គម សេដ្ឋកិច្ច និងបរិស្ថាន។

លោក ហោ សារុន បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបិទ សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់ TOBACCO-FREE SPORTS» នៅសាលប្រជុំមជ្ឃមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងដោយមានការចូលរួមពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន, លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហោ សារុន បានបន្ថែមទៀតថា ការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» ជាផ្នែកមួយក្នុងការការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខុមាលភាពសង្គមពីផលប៉ះពាល់ដែលបណ្ដាល មកពីផលិតផលថ្នាំជក់ផងដែរ។

លោកបានបន្ថែមទៀតថា នៅកម្ពុជាច្បាប់ស្តីពី «ការត្រួតពិនិត្យផលិតផលថ្នាំជក់» ត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញឯកសារគតិយុត្តជាបន្តបន្ទាប់ជាច្រើនទៀតរួមមានទាំងអនុក្រឹត្យ ប្រកាស សេចក្តីណែនាំ សារាចរជាដើម។ លើសពីនេះទៀត រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលក្នុងនោះក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡាក៏ជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។

លោក ហោ សារុន បានបន្ថែមទៀតថា ដើម្បីចូលរួមអនុវត្តច្បាប់នេះ ក្រសួងទេសចរណ៍បានដាក់ចេញសេចក្តីណែនាំ និងឯកសារគតិយុត្តចាំបាច់មួយចំនួនផងដែរ ក្នុងនោះក៏បានដាក់ចេញ «នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្ដីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» ដើម្បីផ្ដល់ភាពងាយស្រួលដល់មូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍ទាំងអស់ប្រតិបត្តិឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់។

លើសពីនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុង ទេសចរណ៍គ្មានផ្សែងបារី ដើម្បីបង្កលទ្ធភាពងាយស្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបានកាន់តែច្រើនក្នុងការរៀបចំមូលដ្ឋានរបស់ខ្លួនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានធ្វើការងារជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតដាក់ចេញគំនិតផ្តួចផ្តើមគោលការណ៍ «កីឡាគ្មានថ្នាំជក់» សម្រាប់ព្រឹត្តិការណ៍ប្រកួតទាំងមូល។

លោក ហោ សារុន បានអះអាងដែរថា ទេសចរណ៍ និងកីឡា គឺជាវិស័យពីរដែលមានទំនាក់ទំនងជាមួយគ្នា និងផ្ដល់ភាពទាក់ទាញឲ្យគ្នាទៅវិញទៅមក «កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា», «កីឡាចម្រើនសុខភាព ថ្នាំជក់បំផ្លាញសុខភាព»។ តាមរយៈពាក្យស្លោកនេះ លោកបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កីឡា និង ថ្នាំជក់ ជាធាតុពីរផ្ទុយគ្នាដែលមួយផ្ដល់ភាពវិជ្ជមានដល់សុខភាព និងមួយទៀតផ្ដល់ភាពអវិជ្ជមានដល់សុខភាព។ ដូច្នេះសេចក្តីណែនាំស្តីពី «កីឡាគ្មានថ្នាំជក់» របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្សព្វផ្សាយនៅ ក្នុងសិក្ខាសាលានេះគឺជាសេចក្ដីណែនាំមួយដែលប្រកបដោយកត្តវិទ្យា និងមានគុណតម្លៃសកលផងដែរ៕