(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ក្រសួងធម្មការ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យមាឃបូជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួមបំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃសៅរ៍ ១៥កើត និងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ
ឆ្នាំ២០២៤។

មាឃបូជា គឺជាបុណ្យដ៏សំខាន់មួយ នៅក្នុងព្រះពុទ្ធសាសនា ប្រារព្ធឡើងដើម្បីរំលឹកដល់ហេតុការណ៍សំខាន់ៗពីរយ៉ាងគឺ៖
១៖ ជាថ្ងៃចតុរង្គសន្និបាត ជាការជួបប្រជុំប្រកបដោយអង្គ៤ គឺ៖
* ព្រះសង្ឃសមណទូត ១ ២៥០ អង្គ និមន្តមកជួបជុំគ្នា ដោយមិនបានណាត់គ្នាជាមុន
* ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ (ឯហិភិក្ខុឧបសម្បទា)
* ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦
* ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ជាថ្ងៃពេញបូណ៌មីខែមាឃ។
២៖ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងធម្មការ និងសាសនា ដែលមានខ្លឹមសារទាំងស្រុង៖