(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យកណ្ដាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ជួន ណារិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើអាវុធខ្លី និងដាវភ្ជង់គម្រាមយកកាបូប និងទូរស័ព្ទ ខណៈដែលរងគ្រោះជិះម៉ូតូទៅទិញបង្អែមញាំ នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅខាងក្រោយLV ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការងនគរបាល និងជាប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ កែវ ប៊ុនហៀង អាយុ២០ឆ្នាំ ទី២-ឈ្មោះ ពៅ ស្រស់ អាយុ២០ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ២លើក) និងទី៣-ឈ្មោះ រដ្ឋ រស្មី ហៅយួន អាយុ២០ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ដែរថា ជនរងគ្រោះ ឈ្មោះ សេង ចាន់ធា អាយុ២៣ឆ្នាំ និងប្ដី ឈ្មោះ ជា សុភ័ក្រ អាយុ២៩ឆ្នាំ ដោយក្នុងនោះជនរងគ្រោះ បាត់បង់កាបូបព័ណ៌ខ្មៅ មានលុយ២៥០ដុល្លា ទូរស័ព្ទដៃ២គ្រឿង មួយគ្រឿងម៉ាក Samsung និងមួយទៀត ម៉ាក iPhone 6 Plus។ បច្ចុប្បន្នជនសង្ស័យទាំង៣ ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕