(កណ្ដាល)៖ ក្រុមអ្នកជំនាញលើវិស័យអប់រំ និងជាថ្នាក់ដឹកនាំតាមស្ថាប័ណរដ្ឋ បានរួមគ្នាធ្វើបាឋកថាតម្រង់ទិសដល់ក្រុមនិស្សិត-សមណនិស្សិត នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាង១ពាន់អង្គនាក់ ក្រោមប្រធានបទ «អត្ថប្រយោជន៍នៃការសិក្សានៅថ្នាក់ឧត្តមសិក្សា»

កម្មវិធីនេះបានធ្វើឡើងនាពេលថ្មីៗដែលមានសមាសភាពអ្នកជំនាញអប់រំរួមមាន៖

*ទី១៖ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។

*ទី២៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

*ទី៣៖ លោកបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា។

*ទី៤៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា សមាជិកឧត្តមក្រុមប្រឹក្សាជាតិអប់រំនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

*ទី៥៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាថា ការសិក្សាអប់រំ ជាកត្តាចម្បងមួយដែលមិនអាចខ្វះបាននៅគ្រប់សម័យកាល សម្រាប់កសាងធនធានមនុស្ស ជាពិសេសបណ្តុះបណ្តាលយុវជនឱ្យក្លាយទៅជាចលករ ដ៏ប្រពៃដែលមានសមត្ថភាព ជំនាញប្រកបដោយប្រសិទ្ធភាពអនុវត្ត ដើម្បីចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋភិបាលកម្ពុជាឱ្យបានចម្រើនជឿនលឿនជាអារ្យប្រទេស។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាបន្តថា វិស័យអប់រំជាកាតព្វកិច្ចរបស់គ្រឹះស្ថានអប់រំ និងជាកាលានុវត្តភាពសម្រាប់យុវជនខ្មែរគ្រប់រូប ហើយមិនត្រូវក្លាយជារបាំងផ្លូវនៃការសិក្សាស្រាវជ្រាវ ដោយសារតែលទ្ធភាពនៃការបង់ថ្លៃនោះឡើយ។

ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់ បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាទៀតថា ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវ គុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវ័ន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រនិងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវក្នុង ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានថេរដីកាបន្តថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើកិច្ចសហប្រតិបត្តការជាមួយ សាកលវិទ្យាអន្តរជាតិនៅលើពិភពលោក ក៏ដូចជាក្នុងតំបន់អាស៊ានជាច្រើនដូចជា៖

*សាកលវិទ្យាល័យ ទួនគូ អាប់ឌុលរ៉ាម៉ាន់ (University Tunku Abdul Rahman) ប្រទេសម៉ាឡេស៊ី
*សាកលវិទ្យាល័យ ណានហ័រ (NANHUA University) កោះតែវ៉ាន់នៃសាធារណៈរដ្ឋប្រជាមានិតចិន
*សាកលវិទ្យាល័យ បច្ចេកវិទ្យា មីង ឈី (Ming Chi University of Technology) កោះតែវ៉ាន់នៃសាធារណៈ រដ្ឋប្រជាមានិតចិន
*វិទ្យាស្ថាន ដាម៉ាត្រាំ លីប៊រ៉ល អាត (Dharma Drum Institute of Liberal Arts) កោះតែវ៉ាន់នៃសាធារណៈរដ្ឋប្រជាមានិតចិន។

សាកលវិទ្យាល័យ អន្តរជាតិទាំងនេះបានផ្តល់ អាហារូបករណ៍សិក្សា១០០% ដល់និស្សិតនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជារៀងរាល់ឆ្នាំ។ សាកលវិទ្យាល័យក៏មានគម្រោងនឹងធ្វើកិច្ច សហប្រតិបត្តការចុះ MOU ជាមួយសាកលវិទ្យាល័យ អង្គការ ជាតិ អន្តរជាតិជាច្រើនទៀតនៅថ្ងៃអនាគត៕