(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលាខេត្តកំពង់ចាម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អភិបាលរងខេត្តកំពង់ចាម លោក លី សារ៉ារិទ្ធ បានណែនាំដល់មន្ត្រី ឱ្យយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់គ្រូឧទ្ទេស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកចំណេះដឹងទៅអនុវត្ត និងបន្តផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន។

លោកអភិបាលរងខេត្ត បានថ្លែងថា ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធិភាព ស្របតាមបែបបទ នីតិវិធី និងវិធានទាំងឡាយចាំបាច់ត្រូវមានវិន័យក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុ ដោយភាពម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដែលក្នុងនោះផ្តោតសំខាន់ទៅលើការអនុវត្តចំណូល និងការអនុវត្ត ចំណាយថវិកាដែលរួមមាន៖

*ការពង្រឹងការគ្រប់គ្រងប្រមូលចំណូលតាមលិខិតបទដ្ឋាន និងយន្តការដែលមានស្រាប់ ដូចជា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ ការតាមដានការអនុវត្តកិច្ចសន្យា ឬសៀវភៅបន្ទុកការធ្វើអាជីវកម្ម សេវាកម្មទ្រព្យសម្បត្តិរដ្ឋ និងចំណូលពីការផ្តល់សេវារដ្ឋបាលនានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបន្តការស្រាវជ្រាវរកប្រភពចំណូលបន្ថែមតាមប្រភេទ និងមាតិកាចំណូលនីមួយៗ សម្រាប់បំពេញឱ្យថវិកាជាតិ និងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការអនុវត្តចំណាយ ត្រូវតែគោរពតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ ច្បាប់លទ្ធកម្មសាធារណៈ ដោយធ្វើយ៉ាងណាការអនុវត្តចំណាយ ត្រូវតែមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ មានភាពសន្សំសំចៃខ្ពស់ និងស្ថិតក្នុងរង្វង់នៃលទ្ធភាពដែលថវិកាមាន ទើបដំណើរការគ្រប់គ្រងហិរញ្ញវត្ថុមានប្រសិទ្ធភាព និងប្រសិទ្ធផលបានល្អប្រសើរ ហើយទទួលបានសមិទ្ធផលសង្គមជាក់ស្តែង ជូនប្រជាពលរដ្ឋ របស់យើង។

លោកអភិបាលរងខេត្តបានបន្តថា ក្នុងឱកាសនេះ អង្គសិក្ខាសាលារបស់យើង នឹងបានតាមដានស្ដាប់បទឧទ្ទេស ពីតំណាងប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបទពិសោធន៍យូរឆ្នាំ និង ស៊ីជម្រៅលើការងារហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់យកមក អនុវត្តតាមអង្គភាពរៀងៗខ្លួន ហេតុនេះ សូមឱ្យអស់លោក លោកស្រីប្រធានការិយាល័យ នៃរដ្ឋបាលក្រុង ស្រុក និងលោក លោកស្រីស្មៀនឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានា សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលយកចំណេះដឹងទៅអនុវត្ត និងបន្តផ្សព្វផ្សាយដល់ មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនផងដែរ ដើម្បីអនុវត្តលើកការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕