(កំពង់ស្ពឺ)៖ ​លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជន ស.ស.យ.ក។ សិក្ខាសាលា បានផ្តោតសំខាន់លើសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាសម្រេច បានជោគជ័យ និងចំគោលដៅ ជាការចូលរួមគាំទ្រយ៉ាងសកម្មដល់ផែនការជាតិ ទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

លោក សរ សុពុត្រា បានថ្លែងថា បើទោះបីកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យក៏ដោយ តែប្រជាជត្រូវធ្វើការងារប្រចាំថ្ងៃទទួលបានចំណូលខ្ពស់ ជាហេតុធ្វើឲ្យប្រជាជន មានលទ្ធភាព ប្រើប្រាស់មធ្យោបាយយានយន្តកាន់តែកើនឡើង ហើយរាជរដ្ឋាភិបាលបានខិតខំ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានកែលម្អកាន់តែប្រសើរឡើង ​ប៉ុន្តែការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែមិន ថមថយ ការគ្រោះថ្នាក់ចរាចរណ៍នៅតែបន្ទុកដ៏ធ្ងន់របស់រាជរដ្ឋាភិបាលទល់បច្ចុប្បន្ននេះ។

អភិបាលរងបន្តថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាវិបត្តិសកលផ្នែកសុខភាពសាធារណៈ និងជាបញ្ហាប្រឈមដ៏យូរ អង្វែងបណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងការខូចខាតទ្រព្យសម្បត្តិជាច្រើន ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ បានធ្វើឲ្យសង្គមជាតិយើងខាតបង់ថវិការាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

លោកអភិបាលរង បានសង្កត់ធ្ងន់ថា  គ្រោះថ្នាក់ចរាចរណ៍នេះ អាចបង្ការ និងទប់ស្កាត់បាន ប្រសិនបើមានការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន និងបុគ្គលអ្នកប្រើប្រាស់ផ្លូវគ្រប់រូបភាព។ ហានិភ័យដ៏ធ្ងន់ធ្ងរ ទាក់ទងដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាន សេដ្ឋកិច្ចសង្គមបង្កដោយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មិនអាចឲ្យស្ថាប័ន ឬផ្នែកណាមួយទទួលខុសត្រូវ តែឯងក្នុងការទប់ស្កាត កាត់បន្ថយ ឬលុបបំបាត់បានឡើយ។ ដូចនេះ ទាមទារឲ្យអ្នកទាំងអស់គ្នាចូលរួមរិះរក វិធានថ្មីៗដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ ឲ្យនៅកម្រិតទាបបំផុត។

លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានលើកឡើងថា ចំពោះការងារផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ មន្ទីរបានចាត់តាំងមន្ត្រីចុះការអប់រំផ្សព្វផ្សាយតាមសាលារៀន និងទីសាធារណៈក្នុងនោះបានអប់រំច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមគ្រឹះស្ថានមធ្យមសិក្សា និង ឧត្តមសិក្សាក្នុងខេត្តកំពង់ស្ពឺ បានចំនួន ២២លើក មានការចូលរួមពីសំណាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និងនិសិ្សត សរុបចំនួន ៨,៧២៣នាក់ ស្រី ៤,៨៤៣នាក់ ដើម្បីជាការពញ្ញាក់ស្មារតីឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានចែកជូនឯកសារសុវត្ថិភាព ចរាចរណ៍ផ្លូវ គោក ដែលទទួលបានពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកប្រធានមន្ទីរបន្តថា បានចុះផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាជន មហាជន សិស្ស មន្ត្រីរាជការ ដែលធ្វើដំណើរតាមដងផ្លូវ ឬនៅទីប្រជុំជន ទីកន្លែងសាធារណៈនានា និងកន្លែងទទួលសេវាសាធារណៈ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចំនួន៧៧ លើក អ្នកចូលរួមចំនួន ៧,១១២នាក់ ស្រី ២,១៧៩នាក់ និងបានចែកឯកសារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលទទួលបានពីនាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកក៏បានធ្វើបទបង្ហាញផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុម យុវជន ស.ស.យ.ក.ខេត្ត និងក្រុមយុវជនកាកបាទក្រហមខេត្តកំពង់ស្ពឺ ចំនួន ២៥៣នាក់ ស្រី ១៥៨នាក់ ក្នុងអង្គសិក្ខាសាលា ស្តីពីការបង្ការការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិកគ្រឿងញៀនខុសច្បាប់ មេរោគអេដស៍ ជំងឺអេដស៍និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រៀបចំដោយនាយកដ្ឋានសុខភាពនៃក្រសួងអប់រំ យុវជន និងកីឡា នៅបណ្ណាល័យកំពង់ស្ពឺ និងបានចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ២៥៨ក្បាល និងខិត្តបណ្ណជំនួយស្មារតី ស្តីពីចរាចរណ៍ផ្លូវគោកចំនួន ២៥៨សន្លឹកផងដែរ៕