(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច រវាងកម្ពុជា និងហុងគ្រី (ហៅកាត់ថា Joint Committee on Economic Cooperation) ត្រូវបានរៀបចំឡើង នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ក្រោមអធិបតីភាពសហប្រធាន លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ទ្រីស្ពាន អាហ្សបេឌ្យ (Tristan AZBEJ) រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។

កិច្ចប្រជុំនេះ រៀបចំឡើង ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យអាទិភាពផ្សេងៗ ឲ្យកាន់តែល្អប្រសើរ ស្របតាមខ្លឹមសារ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងហុងគ្រី ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នាអំឡុងពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ ធ្វើដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរ បានកត់សម្គាល់អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មទ្វេភាគី នៅឆ្នាំ២០២២ ប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ដែលនេះ បង្ហាញពីជំហានវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានឯកភាពក្នុងការខិតខំពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពមានដូចជា៖

(១)៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច
(២)៖ កិច្ចសហប្រតិបត្តិការលើគម្រោងឥណទាន
(៣)៖ កិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងធនធានទឹក និងបរិស្ថាន
(៤)៖ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម
(៥)៖ កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអន្តរជាតិ
(៦)៖ កិច្ចសហប្រតិបត្តិការលើមូលនិធិហិរញ្ញវត្ថុដែលគ្រប់គ្រងដោយគណៈកម្មការអឺរ៉ុប
(៧)៖ វិស័យអប់រំ យុវជន និងកីឡា
(៨)៖ វិស័យវប្បធម៌
និង (៩)៖ វិស័យអាកាសចរស៊ីវិល។

ដោយឡែក សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរ បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការបន្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់កម្រិតសក្តានុពល និងបានជំរុញលើកទឹកចិត្ត ឲ្យធុរជន និងវិនិយោគិន ស្វែងរកកាលានុវត្តភាពធុរកិច្ចបន្ថែម ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា៖ ផលិតផល និងបច្ចេកវិទ្យាកសិកម្ម កម្មន្តសាលបរិស្ថាន សុខភាព និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។

ស្របគ្នានេះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រសម្រាប់ដំណើរការ ចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជានាពេលខាងមុខ។

ភាគីទាំងពីរ ក៏បានឯកភាពបន្តពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើការផ្តល់គម្រោងឥណទាន ជាពិសេសក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ និងការគ្រប់គ្រងធនធានទឹក ព្រមទាំងបានប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិផងដែរ។

ភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចប្រជុំ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលប្រកបដោយមិត្តភាព និងបានឯកភាពគ្នា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នាកាលបរិច្ឆេទសមស្របខាងមុខ។

គួរបញ្ជាក់ថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្ម កម្ពុជា-ហុងគ្រី សម្រេចបាន៧.៧ លានដុល្លារអាម៉េរិក (កើនឡើង ៩.៥៣%) ធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២។

ក្នុងនោះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅទីផ្សារហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។ រីឯទំនិញនាំចូលពីហុងគ្រី រួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម៕