(ដាវ៉ូស, ស្វីស)៖ ក្នុងបេសកកម្មការងារថ្ងៃដំបូងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​អនុញ្ញាត​​ឱ្យក្រុមហ៊ុនធំៗលំដាប់ពិភពលោកចំនួន៦ ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុនទាំង៦នោះ មកពីបណ្តានានា ដែលបានអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង​ដាវ៉ូស ប្រទេសស្វីស។ ក្នុងនោះមានក្រុមហ៊ុនមួយចំនួនកំពុងវិនិយោគនៅកម្ពុជាផងដែរ។ ក្ន​ុងជំនួប​ជា​មួយក្រុមហ៊ុនទាំង៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញគោលនយោបាយ និងការលើក​ទឹកចិត្តនានាពាក់ព័ន្ធការវិនិយោគ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងនោះ មកវិនិយោគនៅកម្ពុជា ឬពង្រីកទុនវិនិយោគបន្ថែមទៀត។

១៖ ជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc

ក្រុមហ៊ុន HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ក្នុងជំនួបនោះ លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc បានជម្រាបសម្តេចធិបតីអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យដូចពេលបច្ចុប្បន្ន។ លោក​នាយក​​​ប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបសម្តេចធិបតី អំពីគម្រោង​វិនិយោគ​របស់​ក្រុមហ៊ុននៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិ​ក្រុម​ហ៊ុន។ សម្តេចធិបតី បានបង្ហាញភាពរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការចូលរួមសហការវិនិយោគ​ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ដោយបានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគ​លើបច្ចេក​វិទ្យា​ព័ត៌មាន​លំហភូមិសាស្រ្តនេះ។

២៖ ជំនួបជាមួយនាយិកាប្រតិបត្តិក្រុមហ៊ុន Trip.co

Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូល​នូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជា តាមរយៈវេបសាយ Trip.com។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា​ក្នុង​ភាព​ជាដៃគូតាមរយៈប្រព័ន្ធឌីជីថលជាមួយ Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។

ក្នុងជំនួបនោះ លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានជម្រាបសម្តេចធិបតី អំពី​ដំណើរ​ការអាជី​វ​កម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជី​វកម្មផ្តោត​ជាសំខាន់លើ​វិស័យ​ទេសចរណ៍។

លោកស្រី ក៏បានបញ្ជាក់អំពីគោលបំណងរបស់ក្រុមហ៊ុន​ក្នុងការបន្តសហការជាមួយក្រុម​ហ៊ុន​ដៃគូ​នៅ​កម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់​ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការពង្រីកសកម្មភាព​វិនិយោគនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេល​រាជ​រដ្ឋាភិបាល អាណត្តិ​ទី៧ បាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញ​កំណើននៃវិស័យ​ទេស​ចរណ៍នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

៣៖ ជំនួបជាមួយនាយិកាប្រតិបត្តិក្រុមហ៊ុន Shenzhen Power Solution

ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិត ផលិតផលអំពូលសូឡា ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅប្រទេសចិន។

ក្នុងជំនួបនេះ លោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution បានជម្រាបសម្តេចធិបតី អំពីផលិតផល​របស់​​ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាព​របស់​ប្រជាជន​នៅ​តាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនី​ច្រើន​ប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែល​មានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់​ផា​សុកភាព និងតម្រូវការប្រើប្រាស់ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការ​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។

៤៖ ជំនួបជាមួយនាយកប្រតិបត្តិ និងជាសហស្ថាបនិក​ក្រុម​ហ៊ុន Grab

ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Grab Holdings Ltd (Grab) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័ត ដែលផ្តល់សេវាកម្ម​ដឹក​ជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Grab បានផ្តល់​ដំណោះ​ស្រាយឌីជីថល ដោយសម្រួលដល់ការទូទាត់ តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងជំនួបនេះ លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិក​ក្រុម​ហ៊ុន Grab បានជម្រាប​សម្តេចធិបតី អំពីសកម្មភាព​អាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជា​ក្រុម​ហ៊ុនបច្ចេកវិទ្យា​តាមប្រព័ន្ធ​ទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការ​ទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណក្រុមហ៊ុន Grab ចំពោះការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុង វិស័យដឹកជញ្ជូន។ សម្តេចធិបតី បានលើកឡើងថា គម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែក យ៉ាង សំខាន់ក្នុងទាក់ទាញ និងប្រមូល​ផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ឱ្យចូលមក ក្នុងថ្នាល ឌីជីថលរបស់ Grab ដែលកំពុងតែ​មានការអភិវឌ្ឍ និងទំនើបកម្មជាលំដាប់។

សម្តេចធិបតី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយ​ប្រើ​ថ្នាល​ឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់​អតិថិជន​របស់ខ្លួនជាប់ជាប្រចាំ។

៥៖ ជំនួបជាមួយប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs

ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគ​លើវិស័យ​ធនា​គារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយ​ផ្តល់​​សេវា​កម្ម​ហិរញ្ញ​វត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និង​បុគ្គល។

ក្នុងជំនួបនោះលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs​បានជម្រាបសម្តេចធិបតី អំពីសកម្មភាពអាជីវកម្ម​របស់​ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគ​លើ​វិស័យ​ធនាគារ មូលបត្រ និងគ្រប់គ្រង​ការវិនិ​យោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម។

លោក Jared Cohen ក៏បានជម្រាបសម្តេចធិបតី អំពីគោលបំណងពង្រីកឱកាសវិនិយោគរបស់​ខ្លួនមក​កាន់​ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់​សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូ​សេដ្ឋ​កិច្ច និងសុខសន្តិភាពពេញលេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការ​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ​នៅ​កម្ពុជា ក្នុងការសិក្សា និងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគ​ជាក់​ស្តែង។

៦៖ ជំនួបជាមួយប្រធានក្រុមហ៊ុនធុរកិច្ចផ្នែកកសិកម្ម Wilmar International

ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី។ សព្វថ្ងៃក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយក្រុមហ៊ុនមានបច្ចេក​ទេស​ខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយ​យ៉ាង​ទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករជាដើម។

ក្នុងជំនួបនេះ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group បានជម្រាបសម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ​លើវិស័យ​កសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការ​ដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកប្រធានអគ្គ​នា​យក។ សម្តេចធិបតី ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យ​កសិកម្មនៅ​កម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រៅពីអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៦ខាងលើ បានជួបសម្តែងការគួរសម និងជជែកពាក់ព័ន្ធការវិនិយោគហើយនោះ សម្តេចធិបតី បានអនុញ្ញាតឱ្យលោក Mathias Cormann អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារផងដែរ។

អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិកចំនួន៣៨ និងត្រូវ​បានបង្កើតឡើង​ក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។ អង្គការនេះ​ត្រូវ​បានទទួល​ស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការ​បោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក។

នៅក្នុងជំនួបនេះ លោកអគ្គលេខា​ធិ​ការ បានបញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ការ​គាំទ្រផ្នែក​បចេ្ចក​ទេសក្នុងការកសាង​ក្រប​ខណ្ឌ​គោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេស​មានចំណូលខ្ពស់ក្នុង​ឆ្នាំ​២០៥០។

លោកអគ្គលេខាធិការអង្គការ OECD ក៏បានសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចំពោះការដាក់ចេញគោលនយោបាយ និងការកំណត់ទិសដៅនានាក្នុងវិស័យសេដ្ឋកិច្ច និងបរិស្ថាន។ ក្នុង​ន័យនេះ លោកអគ្គលេខាធិការ បានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី​នាយក​​រដ្ឋមន្ត្រី កម្ពុជានឹងកាន់តែអភិវឌ្ឍន៍រីកចម្រើនលូតលាស់ និងឈានទៅសម្រេចបាន់នូវចក្ខុវិស័យ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយស្វាគមន៍ចំពោះ​ជំនួប​ពិភាក្សា​​ការ​ងារជាមួយលោកអគ្គលេខាធិការអង្គការ OECD សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​ដែល​មានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណអង្គការ OECD ដែលបានជួយជ្រោមជ្រែងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញអំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គមជាដើម។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីដំណើរការនៃការកសាង និងអភិវឌ្ឍរបស់​ប្រទេស​កម្ពុជា ដោយឈានចេញពីប្រទេសក្រីក្រ ងើបពីគំនរផេះផង់នៃភ្លើងសង្គ្រាម មកជាប្រទេសមានចំណូល​មធ្យមកម្រិតទាប ព្រមជាមួយចក្ខុវិស័យប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕