(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគល្បីឈ្មោះមួយលើពិភពលោក បានបង្ហាញបំណងបើកការវិនិយោគនៅកម្ពុជា។
បំណងនេះត្រូវបានបង្ហាញ ក្នុងពេលលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ក្នុងជំនួបនោះ លោក Jared Cohen បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម។ លោក Jared Cohen បានជម្រាបសម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម។
លោក Jared Cohen ក៏បានជម្រាបសម្តេចធិបតី អំពីគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សា និងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង។
សូមបញ្ជាក់ថា ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគ លើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយ ផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល៕